(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ បានថ្លែងអំពីស្នាដៃ និងកេរ្តិ៍ដំណែលដែលមិនអាចបំភ្លេចបានរបស់លោក ប៉ិច សុខិន អតីតអភិបាលខេត្តឧត្តរមានជ័យ ដែលបានខិតខំត្រួសត្រាយការអភិវឌ្ឍខេត្ត ក្នុងកាលគ្រាដ៏លំបាក កន្លងមក ទោះបីពេលនេះលោកបានលាចាកលោកនេះទៅហើយក្តី តែកេរ្តិ៍ដំណែល និងកេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានបងប្អូនប្រជាពលរដ្ឋខេត្តឧត្តរមានជ័យចងចាំពុំភ្លេចជាមួយការបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់លោក បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ការថ្លែងរបស់លោក ប៉ែន កុសល្យ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីសម្ពោធឆ្លង «រង្វង់មូលព្រះម៉ែនាគ» ស្ថិតក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការតាមមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងប្រជាពលរដ្ឋជាច្រើនផងដែរ។

ក្នុងនាមរដ្ឋបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានអបអរសាទរចំពោះសមិទ្ធិផលថ្មីនេះ ដែលស្របតាមស្ថានភាព ទីតាំង និងរចនាបទ រួមនឹងជំនឿផ្នត់គំនិតរបស់បងប្អូនប្រជាពលរដ្ឋយើង ចំពោះព្រះម៉ែនាគដែលមានប្រវត្តិ ជាប់ទាក់ទងនឹងដើមកំណើតនិងការថែរក្សាទឹកដីសុវណ្ណភូមិយើង ហើយក៏សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចំណាយធនធានផ្តាល់ខ្លួនជួយសាងសង់រង្វង់មូល និងតម្កល់រូបសំណាកព្រះម៉ែនាគដ៍ស្រស់ស្អាត ដែលយើងកំពុងប្រារព្វពិធីឆ្លងនាពេលនេះ។

លោក ប៉ែន កុសល្យ បានថ្លែងទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋខេត្តឧត្តរមានជ័យយើង មានភាពងាយស្រួលឆ្ងាយមហាសែនឆ្ងាយ បើប្រៀបធៀបទៅនឹងប៉ុន្មានឆ្នាំមុន បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានផ្តល់ហេដ្ឋា រចនាសម្ព័ន្ធផ្លុវថ្នល់ ស្ពានខ្វែងខ្វាត់ តភ្ជាប់ពីទីរួមខេត្តទៅកាន់តំបន់ព្រំដែន និងបានភ្ជាប់ទៅបណ្តាលខេត្តផ្សេងៗទៀតដូចជា៖ខេត្តសៀមរាប បន្ទាយមានជ័យ ព្រះវិហារ ដែលយើងទាំងអស់គ្នាមិនដែលនឹកស្មានថា នឹងទទួលបាននូវសមិទ្ធិផលទាំងនេះលឿននិងឆាប់រហ័សបែបនេះទេ។

លោកអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងសំណូមពរដល់ប្រជាពលរដ្ឋយើង ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិយើង ព្រមទាំងការពារឱ្យខាងតែបាន នូវសុខសន្តិភាពដែលមានសព្វថ្ងៃនេះ។ ត្រូវរួមគ្នាទទួលខុសត្រូវថែរក្សា ការពារសមិទ្ធិផលសាថារណៈនានាឱ្យបានគង់វង្ស និងធានាបាននិរន្តរភាពនៃការប្រើប្រាស់បានយូអង្វែង ដោយរួមគិត រួមធ្វើ រួមទទួលខុសត្រូវ ពិសេសសូមទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ខែកក្កដាខាងមុខនេះឱ្យបានទាំងអស់គ្នា និងបោះឆ្នោតជូនគណបក្សណាដែលបងប្អូនអាចផ្ញើក្តីសង្ឃឹមជឿជាក់ ដើម្បីសន្តិភាព សាមគ្គីភាព និងការអភិវដ្ឍជាតិយើង៕