(ភំ្នពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីក្រមនីតិវិធីព្រហ្មទណ្ឌ ការសម្អាតប្រាក់ ការគ្រប់គ្រងបច្ចេកទេសល្បែង និងផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

ពិធីបើកវគ្គវគ្គបណ្តុះបណ្តាលនេះ ក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំ មន្ត្រីនគរបាល មកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ និងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម លើកឡើងថា ដោយមានការអនុញ្ញាត និងការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានបានរៀបចំបើកវគ្គបំប៉នជំនាញ ស្តីពីក្រមនីតិវិធីព្រហ្មទណ្ឌ ការសម្អាតប្រាក់ការ គ្រប់គ្រងបច្ចេកទេសល្បែង រយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៩ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ លោកបន្តថា វគ្គនេះធ្វើឡើង ដើម្បីពង្រឹងការអនុវត្តនូវវិធានការច្បាប់ដោយម៉ឺងម៉ាត់ និងត្រឹមត្រូវតាមច្បាប់ និងក្រមនីតិវិធីព្រហ្មទណ្ឌ។ ពង្រឹងសម្ថភាពជំនាញ យល់អំពីនីតិវិធី និងច្បាប់ ពិសេសយល់អំពីការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការគ្រប់គ្រងឲ្យបានត្រឹមត្រូវច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានផ្តោតសំខាន់ៗ ទៅលើវិធីសាស្រ្ត នៃការសម្អាតប្រាក់ បច្ចេកទេសស៊ើបអង្កេតការសម្អាតប្រាក់ ការអនុវត្តន៍នីតិវិធីប្រតិ្តបត្តិការណ៍តាមស្តង់ដារ (SOP) សម្រាប់ការស៊ើបអង្កេត និងការផ្សព្វផ្សាយបទល្មើសល្បែងពាណិជ្ជកម្ម និងការសិក្សាអំពីក្រមនីតិវីធីព្រហ្មទណ្ឌ និងសិក្សាអំពីបច្ចេកទេសគ្រប់គ្រងល្បែង តាមរយៈប្រធានបទទាំងអស់នេះ សិក្ខាកាមទាំងអស់ និងទទួលបាននូវបទពិសោធន៍ថ្មី និងជាមូលដ្ឋានចំណេះដឹងល្អៗ ដើម្បីបង្កើននូវសម្ថភាពជំនាញ ដល់មន្ត្រីអនុវត្តន៍ច្បាប់ លើវិស័យគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

នាយឧត្តមសេនីយ៍ បានអះអាងថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់តែងតែរិះគិត ស្រាវជ្រាវទាំងបទល្មើសបច្ចេកវិទ្យា តាមប្រព័ន្ធព័ត៌មានសង្គម និងអ៊ិនធើណេត ហើយបទល្មើសដែលជ្រកក្រោមស្លាកល្បែងពាណិជ្ជកម្ម មិនមែនជាល្បែងពាណិជ្ជកម្មក្តី គឺនៅតែកើតមាន ព្រោះជាប្រភេទបទល្មើស ដែលមានលក្ខណៈស្មុគស្មាញក្នុងការបង្រ្កាប ជាពិសេសពាក់ព័ន្ធបទល្មើសឆបោកប្រាក់តាមប្រព័ន្ធធនាគារ បទល្មើសរូបិយប័ណ្ណឌីជីថល និងបទល្មើសតាមបណ្តាញ TELEGRAM ជាដើម។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថាប័នអយ្យការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នាយកដ្ឋានកណ្តាលសន្តិសុខ និងក្រុមហ៊ុនណាហ្គាវើដ៍ ដែលបានបញ្ជូនគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ល្អ ដើម្បីមកជួយបណ្តុះបណ្តាលដល់មន្ត្រីនគរបាល ហើយក៏សូមផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ ត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាម ដោយបំផុសគំនិត ឆ្កឹះរកគន្លឹះសំខាន់ៗ ដើម្បីសាកសួរ សុំការពន្យល់ពីគ្រូឧទ្ទេសនាមឲ្យបានច្បាស់ៗ និងចំបញ្ហាដើម្បីជាស្ពាន និងទុកជាទុនបម្រើឲ្យការងារស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តជាក់ស្តែងក្នុងការងារ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញ ស្តីពីក្រមនីតិវិធីព្រហ្មទណ្ឌ ការសម្អាតប្រាក់ ការគ្រប់គ្រងបច្ចេកទេសល្បែង និងផ្សព្វផ្សាយច្បាប់ ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមសរុប៧០នាក់ មកពីនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការនគរបាលជាតិ ចំនួន៥០នាក់ និងមកពីអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំនួន២០នាក់៕