(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានប្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋាន។

ការថ្លែងលើកឡើងបែបនេះរបស់អភិបាលខេត្តស្វាយរៀង នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៣ ដែលមានការចូលរួមពីមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

បន្ថែមលើសពីនេះលោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ រដ្ឋបាលក្រុង-ស្រុក ពិសេសអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអំពីបញ្ហាគ្រោះថ្នាក់សង្គមផ្សេងៗ និងបញ្ហាភូមិឃុំមានសុវត្ថិភាពជាដើម
*ទី២៖ អភិបាលក្រុង-ស្រុក អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តតាមដានត្រួតពិនិត្យ និងបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋាន
*ទី៣៖ សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព និងការរៀបស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់នៅតាមដងផ្លូវ
*ទី៤៖ អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យ និងខិតខំដោះស្រាយបញ្ហាទំនាស់នានារបស់បងប្អូនប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាពនៅក្រៅប្រព័ន្ធតុលាការ
*ទី៥៖ អាជ្ញាធរក្រុង-ស្រុកត្រូវពិនិត្យ និងចាត់វិធានការទៅលើសត្វគោក្របីរបស់ប្រជាពលរដ្ឋព្រលែងពាសវាល ពាសកាលនៅជាប់បណ្តោយផ្លូវសំខាន់ៗពិសេសផ្លូវជាតិលេខ១ ដែលជាកត្តាបង្ករគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរ៕