(កំពង់ធំ)៖ ក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម» លោក ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគថវិកាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីសមាគមជាតិមានធនធាន បន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម។

លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាព បុគ្គលិកក្រុមហ៊ុនទាំងអស់ដែលបានឧបត្ថម្ភថវិកា ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក្នុងឱកាសខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

លោកបន្តថា ចំពោះអំណោយទាំងនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។ មូលនិធិ ដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

លោក ងួន រតនៈ បន្តទៀតថា ពិធីទទួលថវិកាសប្បុរសធម៌អបអរ ខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៣ ក្នុងគោលដៅចលនាកៀងគរការចូលរួមគាំទ្រពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងស្មារតីវប្បធម៌ចែករំលែកជាមូលដ្ឋានសម្រាប់សាខាបន្តនិរន្តរភាព ក្នុងការបំពេញបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា៕