(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់»​ សម្រាប់កុមារកម្ពុជា។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា, មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ តាមរយៈបណ្តាញផ្សព្វផ្សាយនានា រួមមានទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, ធនាគារដៃគូ, និងក្រុមហ៊ុនដៃគូសហការ ក៏ដូចជាតាមរយៈសារព័ត៌មានជាច្រើនផងដែរ។

សូមជម្រាបជូនថា យុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការប្រចាំឆ្នាំ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងកៀរតរការបរិច្ចាគ ទោះតិចក្តី ច្រើនក្តី ពីសប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា ហើយយុទ្ធនាការនេះ ត្រូវបានរៀបចំម្តងរួចមកហើយ កាលពីខែមិថុនា ឆ្នាំ២០២២ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសាធារណជន និងទទួលបានថវិកាបរិច្ចាគជាង ៣០ម៉ឺនដុល្លារអាមេរិក។

ក្នុងឆ្នាំ២០២៣ នេះ ក៏មិនខុសពីឆ្នាំ២០២២ដែរ, មូលនិធិគន្ធបុប្ផាកម្ពុជា គ្រោងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» ជាថ្មីម្ដងទៀត ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ដោយសង្ឃឹមយ៉ាងមុតមាំថា សប្បុរសជន នឹងចូលរួមកាន់តែច្រើនថែមទៀតក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារដែលជាអនាគតដីភ្លឺស្វាងរបស់កម្ពុជា តារយះការរក្សាឱ្យបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំងនៅកម្ពុជា។

សូមបញ្ជាក់ជូនថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឲ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។

ក្នុងន័យនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមជូនដំណឹងដល់គ្រប់ក្រសួង-ស្ថាប័ន, ក្រុមហ៊ុនឯកជន និងសប្បុរសជននានា ជាពិសេសសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ចូលរួមសហការផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល១ម៉ឺននាក់» និងចូលរួមបរិច្ចាគឲ្យបានផុសផុល ដើម្បីជួយសង្គ្រោះកុមារ។ ថវិកាបិរច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់ សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕