(កំពង់ធំ)៖ លោក ងួន រាសី អភិបាលរងខេត្តកំពង់ធំ បានបញ្ជាក់ថា អ្នកជម្ងឺជាច្រើននាក់ មកទទួលការព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ដែលមកពីស្រុកបារាយណ៍ ស្រុកតាំងគោក និងស្រុកសន្ទុក។

លោកបន្តថា ការទទួលព្យាបាលនេះ ក្រុមគ្រូពេទ្យមានបទពិសោធន៍ច្បាស់លាស់មកពីសហរដ្ឋអាមេរិក កាណាដា ហ្វីលីពីន និងប្រទេសមួយចំនួនទៀត ក្នុងការវះកាត់ជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែឧសភា រហូតដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងចូលរួមលើក កម្ពស់សុខុមាលភាព និងជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ។

លោកបានលើកឡើងពីកិច្ចសហការ រឹតចំណងមិត្តភាពល្អប្រសើរជាមួយថ្នាក់ដឹកនាំក្រៅប្រទេស អង្គការជាតិ និងអង្គការអន្តរជាតិ ក្នុងការអភិវឌ្ឍប្រទេសឱ្យមានភាពរីកចម្រើនគ្រប់វិស័យ។ ជាក់ស្ដែងនៅថ្ងៃនេះ ដោយសារមាន ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ ទើបមានកិច្ចសហការជាមួយអង្គការប៊ីលេគ ដើម្បីមកព្យាបាលជំងឺជូនពុកម៉ែបងប្អូនដោយឥតគិតថ្លៃ ពីសំណាក់ក្រុមវេជ្ជបណ្ឌិតជំនាញ ដែលមានបទពិសោធន៍ក្នុងការវះកាត់ និងព្យាបាលជំងឺជាច្រើនឆ្នាំកន្លងមក។

លោក ងួន រាសី បានថ្នាំអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមគ្រូពេទ្យ ដែលបានលះបង់ពេលវេលា និងថវិកាមកព្យាបាលជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតនៅពេលនេះ សូមជូនពរក្រុមគ្រូពេទ្យមានសុខភាពល្អ។

លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក បានឱ្យដឹងថា នៅក្នុងមន្ទីរពេទ្យយើងថ្ងៃនេះ បានអញ្ជើញចូលរួមដោយក្រុមគ្រូពេទ្យបរទេស ដោយមានការស្និតស្នាលជាមួយលោក ងួន រាសី អភិបាលរងខេត្តបានជួយសម្របសម្រួលការងារនេះ ហើយបានចាប់ដៃគូរជាមួយអង្គការខាងលើនេះតាំងពីឆ្នាំ២០០៤ ដោយការពិនិត្យនឹងព្យាបាលជម្ងឺ ទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃឡើយ។

លើសពីនោះទៀត ភាគច្រើនមានអ្នកជម្ងឺធ្ងន់ ដូចជា៖ ពកក គីសដៃស្បូន គ្រួសក្នុងប្រម៉ាត់ ឫសដូងបាត ពោះវៀនធ្លាក់ចូលពង និងដុះដុំសាច់ ហើយការវះកាត់ព្យាបាលមានរយ:ពេលតែ៧ថ្ងៃប៉ុណ្ណោះ៕