(កំពង់ស្ពឺ)៖ លោកបណ្ឌិត អ៊ុក កោសា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មី ចំនួន៤០០នាក់ ក្នុងនោះមកពីគណបក្សភ្លើងទៀនចំនួន៣០០នាក់ និងក្រុមយុវជនបក្សវ័យក្មេង១០០នាក់។
សមាជិកបក្សថ្មីដែលទើបប្រកាសបញ្ចូលមកពីឃុំក្រាំចេក, ឃុំភ្នំតូច និងឃុំចាន់សែន ដោយមានការចូលរួមពីសំណាក់ប្រធានក្រុមការងារចុះជួយឃុំទាំង៣ និងថ្នាក់ដឹកនាំគណបក្សនៅមូលដ្ឋានមួយចំនួន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ។
បើតាមលោក អ៊ុក កោសា, លោកស្រី ប៉ាន ផល្លី បេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំគណបក្សភ្លើងទៀន កាលពីឆ្នាំ២០២២ ជាអ្នកអូសទាញសមាជិកសមាជិការបស់គាត់ មកចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា។
ការចូលរួមជីវភាពដោយមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោជាប្រមុខ ដឹកនាំប្រទេសជាតិមានសុខសន្តិភាព និងអភិវឌ្ឍលើគ្រប់វិស័យតាមគន្លងប្រជាធិបតេយ្យ យ៉ាងពិតប្រាកដធ្វើឱ្យប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ លោក អ៊ុក កោសា បានលើកឡើងថា ជាការពិតរយៈពេលជាង៤០ ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសជាតិឳ្យរីកចម្រើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ក្នុងនោះតែងយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុករបស់ប្រជាជន ជាក់ស្តែងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានចំណាយថវិកាយ៉ាងច្រើនទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចាក់ជូនប្រជាជនដោយមិនគិតថ្លៃ ក្នុងនោះប្រជាជនដែលងាយរងគ្រោះក៏ត្រូវបានផ្តល់ប្រាក់ឧបត្ថមជាប្រចាំដើម្បីសម្រួលដល់ ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ក្រៅពីនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា សម្រាប់បម្រើផលប្រយោជន៍ប្រជាជនដូចជា៖ ផ្លូវថ្នល់ មន្ទីពេទ្យ សាលារៀន ជាដើមគឺមានច្រើន កាន់តែជិតប្រជាជន ដែលកត្តាទាំងនេះហើយទើបប្រជាជននៅតែផ្តល់សេចក្តីទុកចិត្ត បន្តគាំទ្រគណបក្សប្រជាជនកម្ពុជារហូតមក។
តំណាងសមាជិកថ្មីទាំង៤០០នាក់ បានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជា១គត់ ដែលបានដឹកនាំប្រទេសឱ្យរីកចំរើនលើគ្រប់វិស័យ ក្រោមដំបូលសន្តិភាព ជាមួយនឹងគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ពិសេសមានប្រមុខដឹកនាំដ៏ឆ្លាតវៃ នោះគឺសម្តេចតេជោ ហ៊ុន សែន ទើបយើងខ្ញុំទាំងអស់គ្នាស្ម័គ្រចិត្តមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានគោល នយោបាយត្រឹមត្រូវ សច្ចៈ យុត្តិធ៌ម ប្រជាធិបតេយ្យ សុខុមាលភាពសង្គម សមធ៌ម និងមិនមានការរើសអើង ពិសេសដឹកនាំនាវាកម្ពុជាបានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចេរភាព។
ប្រធានក្រុមការងារបានឱ្យដឹងថា ដោយផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្សជាបន្តបន្ទាប់កន្លងមក ពិសេសការដឹកនាំដ៏ត្រឹមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ដែលធ្វើឱ្យប្រទេសមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋប្រសើរឡើងពី១ថ្ងៃទៅមួយថ្ងៃ ទើបប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់។
លោក អ៊ុក កោសា បានអំណាវនាវឱ្យសមាជិកសមាជិកា ទាំងថ្មីទាំងចាស់ សូមអញ្ជើញទៅបោះឆ្នោតឱ្យបានទាំងអស់គ្នា នៅថ្ងៃទីអាទិត្យទី២៣ ខែឧសភា ឆ្នាំ២០២៣ ដោយបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីឱ្យសម្តេចតេជោបន្ត រក្សាការពារ នូវសុខសន្តិភាព និងការអភិវឌ្ឍ ប្រទេសកម្ពុជាឱ្យបានគង់វង្ស និងរីកចម្រើនបន្តទៀត៕