(ភ្នំពេញ)៖ ស្រ្តីម្នាក់បានបាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦៖៣០នាទីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅចំណុច ផ្ទះលេខ១១ ផ្លូវបេតុង ក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ មុខរបរមេផ្ទះ ចំណែកប្ដីជនរងគ្រោះឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំ មុខរបរមន្ត្រីនគរបាលព្រហ្មទណ្ឌ នៅក្រសួងមហាផៃ្ទ មានឋានន្តរស័ក្តិវរសេនីយ៍ទោ។

កូនស្រីបង្កើតឈ្មោះ អេង ស្រីពីន អាយុ២០ឆ្នាំ បានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ ២០២៣ ម្ដាយរបស់គាត់បានមកពីបុណ្យជាមួយឪពុករបស់ខ្លួន។ បន្ទាប់មកម្ដាយរបស់នាង បាននិយាយថា ឱ្យនាងខ្ញុំជួយមើល ថែប្អូនៗផង ប៉ុន្តែនាងខ្ញុំមិនចាប់អារម្មណ៍ ក៏នាំគ្នាឡើងសម្រាករៀងៗខ្លួនអស់ទៅ លុះដល់ព្រឹកឡើង នៅម៉ោងកើតហេតុស្រាប់តែឮសំឡេងដូចរន្ទះបាញ់ ហើយប៉ាមកស្រែកថា ម៉ាក់បាញ់ខ្លួនឯងស្លាប់បាត់ ហើយកូន ហើយនាងខ្ញុំបានឃើញប៉ាយកកាំភ្លើងដកគ្រាប់ចេញ។

កន្លងមកជនរងគ្រោះតែងតែប៉ុនប៉ងសម្លាប់ខ្លួនឯងជាច្រើនដង តែមិនបានសម្រេច ដោយប្តីឃើញទាន់ ជួនកាលអ្នកជួលបន្ទប់ជួលអ្នកជួយទាន់ (ចងកសម្លាប់ខ្លួន)។

អ្នកជួលផ្ទះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផ្ដាំផ្ញើអ្នកជួលបន្ទប់ជួលឲ្យជួយមើលកូនៗឱ្យគាត់ផង ហើយជួយផ្តិតរូបថតពាក់កណ្ដាលខ្លួនឲ្យគាត់មួយផង។ ក្រោយពីការផ្ដាំផ្ញើរួច គាត់ក៏បានដើរទៅបន្ទប់សម្រាក របស់គាត់វិញទៅ លុះដល់ព្រឹកឡើងនៅម៉ោងកើតហេតុ ស្រាប់តែលឺប្ដីរបស់គាត់ស្រែកថា ម៉ាកវាបាញ់ខ្លួនឯងស្លាប់បាត់ហើយ។

ផ្អែកតាមការកោសល្យវិច័យបច្ច័យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន និងនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ឲ្យសារធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង៕