(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា លោកស្រី ពេជ ចន្ទមន្នី បាន​ផ្តល់ថវិកា ១០លានរៀលជូនទៅយោធិនមួយរូបរងរបួសដោយសារផ្ទុះមីន នៅក្នុងប្រតិបត្តិការជួយសង្គ្រោះស្ត្រីជនជាតិថៃ ចេញពីចម្ការមីន។

ថវិកាជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ត្រូវបានលោកឧត្តម​សេនី​យ៍​​ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ នាំយកជូន​លោក​ពល​បាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ​២០​២៣នេះ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងភរិយា ជូនដល់លោកពលបាលឯក សេង ឆន ដែល​បានខិតខំជួយសង្គ្រោះ រហូតដល់រងរបួសប៉ះពាល់ដល់​ភ្នែកធ្ងន់ធ្ងរ​អាច​បណ្តាលឱ្យ​ងងឹតភ្នែក។ នេះជាការបង្ហាញនូវទឹកចិត្តមនុស្សធ៌ម មិនប្រកាន់ជាតិសាសន៍ របស់កង​ទ័ព​កម្ពុជា ក្នុងការជួយគ្នាទៅវិញទៅមក រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិ​វឌ្ឍ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ មានស្ត្រីជនជាតិថៃមួយរូបវ័​យ​​ប្រមាណ ៤០ឆ្នាំ បានចូលទៅបេះបន្លែក្នុងតំបន់មានមីន នៅព្រំដែនកម្ពុជា-ថៃ ហើយ​ជាន់​មីន បណ្តាលឱ្យរបួសដាច់ជើងឆ្វេង និងផ្នែកក្បាលធ្ងន់ធ្ងរ។

ក្រោយកើតមានហេតុការណ៍នោះ កងកម្លាំងដោះមីនយោធភូមិ​ភាគទី៥ ចំនួន ២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់កើតហេតុ បានចេញប្រតិបត្តិការ ធ្វើ​ផ្លូវ​ចូលទៅជួយសង្គ្រោះភ្លាមៗ ដោយកាប់ឆ្ការព្រៃ រាវរកមីន។

តែជាកសុលក្នុងប្រតិបត្តិការនោះ ធ្វើឱ្យមីនផ្ទុះមួយគ្រាប់ទៀត ទៅត្រូវលើផ្ទៃមុខលោកពល​បាលឯក សេង ឆន យោធិនយោធភូមិភាគទី៥ ប៉ះពាល់ផ្ទៃមុខធ្ងន់ធ្ងរអាចនឹងពិការភ្នែក។

បើទោះបីជាយ៉ាងណា ទាំងលោក សេង ឆន និងស្ត្រីជាជនជាតិថៃ ត្រូវបានសង្គ្រោះចេញពីចម្ការមីន ហើយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ៕