(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ ជាអ្នកបង្កកំហុសផ្នែកច្បាប់ដោយខ្លួនឯង ទើបមិនអាចចូលរួមការបោះឆ្នោត និងមិនមែនជា កំហុសរបស់ គ.ជ.ប នោះទេ។

ការបញ្ជាក់បែបនេះរបស់លោក ហង្ស ពុទ្ធា បានធ្វើឡើងនៅក្នុងឱកាសលោកធ្វើសន្និសីទសារព័ត៌មានក្រោយបញ្ចប់ការពិធីចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ហង្ស​ ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចង់បញ្ជាក់ថា ការមិនបានចូលរួមរបស់គណបក្សពីរទៀត គឺគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនមែនជាកំហុសរបស់ គ.ជ.ប ទេ គឺជាកំហុសរបស់សាមីគណបក្សផ្ទាល់ ដែលយើងអាចបញ្ជាក់ពីមូលលហេតុបន្តិចថា យោងទៅលើមាត្រា២៧ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ...»

លោក ហង្ស ពុទ្ធា បានលើកពីទិដ្ឋភាពច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺបានចែងយ៉ាងច្បាស់ថា «សេចក្តីចម្លង លិខិតបញ្ជាក់ការការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ មួយច្បាប់» ចំណុចនេះហើយដែលគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ មិនមានឯកសារគ្រប់គ្រាន់តាមច្បាប់។

អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា៖ «ការដែលមិនឯកសារច្បាប់ដើមនេះហើយ ដែលជាមូលហេតុ ហើយក៏មិនមែនជាបញ្ហារបស់អ្នកដទៃដែរ គឺសាមីគណរបស់បក្សផ្ទាល់ជាអ្នកទទួលខុសត្រូវដោយខ្លួនឯង ដោយសារមិនមានច្បាប់ដើមទុកទៅធ្វើនីត្យានុកូលកម្ម»

លោក ហង្ស ពុទ្ធា បានលើកឡើងថា សាមីគណបក្សភ្លើងទៀន និងគណបក្សភ្លើងទៀន មិនបានបំពេញនូវឯកសារសំខាន់ទីមួយដែលមានចែងនៅក្នុងច្បាប់បោះឆ្នោតនោះទេ។

ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក គឺគណបក្សភ្លើងទៀន បានយកឯកសារថតចម្លង យកទៅស្នើសុំចុះបញ្ជីគណបក្សឈរឈ្មោះ និងដាក់បេក្ខជនប្រកួតប្រជែង នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវលោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា កន្លងមកទាំង គ.ជ.ប និងក្រសួងមហាផ្ទៃ ធ្លាប់ណែនាំទៅគណបក្សភ្លើងទៀន នៅក្នុងខែមីនា រួចទៅហើយចំពោះឯកសារច្បាប់ដើម។

«សម្រាប់ការបោះឆ្នោតនៅថ្នាក់ជាតិមិនមែនទើបធ្វើអីឡូវទេ តាំងពីឆ្នាំ២០១៨មក ប៉ុន្តែដោយសារគណបក្សភ្លើងទៀន មិនបានចូលរួមបោះឆ្នោតនាពេលនោះ ហាក់ដូចឆកល្វែង ក្តាប់មិនបាន មិនដឹងថាត្រូវយកប្រកាសនោះទៅថតចម្លងហើយ ហើយធ្វើនីត្យានុកូលកម្ម ហើយមកដាក់ស្នើសុំបាន អ៊ឹចឹងសម្រាប់ការស្នើចុះបញ្ជីឈ្មោះថ្នាក់ជាតិនេះ តម្រូវការតែមួយសន្លឹកទេ»។ នេះជាការលើកឡើងបន្ថែមរបស់លោក ហង្ស ពុទ្ធា។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី៕