(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសព័ត៌មាន ពីការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣។

ពិធីនេះបានប្រព្រឹត្តទៅក្រោមព្រះវត្តមានសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

ក្នុងពិធីនោះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា ការរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលនឹងត្រូវដាក់លើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។

លោក ប្រាជ្ញ ចន្ទ បានបន្តថា ពិធីចាប់ឆ្នោតបានប្រព្រឹត្តទៅតាមនីតិវិធីមួយត្រឹមត្រូវ ច្បាស់លាស់ យុត្តិធម៌ និងតម្លាភាព ក្រោមព្រះរាជាធិបតីភាពសម្តេចព្រះសង្ឃរាជ ទាំងពីរ គណៈ និងមានការសាទរពីគ្រប់មជ្ឈដ្ឋាន។ ហើយលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត មានអត្ថន័យ សំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត និងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ការបោះឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ ស្រឡាញ់ ពេញចិត្ត៕

ខាងក្រោមនេះជាសេក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប៖