(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិជាតិជំនួយសង្គម បានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលស្តីពី «ការរៀបចំតាក់តែងលិខិតរដ្ឋបាល» នាពេលនេះ ធ្វើឡើងក្នុងគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបន្ថែមទៀតទៅលើការងាររដ្ឋបាល ជាពិសេសគឺការៀបចំលិខិតរដ្ឋបាលមួយដែលត្រឹមត្រូវទៅបទដ្ឋាន

រដ្ឋបាលទៅតាមទម្រង់តែមួយក្នុងក្របខណ្ឌនៃការអនុវត្តការងារប្រចាំថ្ងៃរបស់មូលនិធិជាតិជំនួយសង្គម។

លោកបន្តថា មូលនិធិជាតិជំនួយសង្គមជាអង្គភាពមួយថ្មីទើបនឹងបង្កើតឡើងក្នុង ២០២២ និងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ត្រូវបានកដាក់អោយដំណើរការ ដែលសមាហរណកម្មរវាងអង្គភាពបី ក្នុងនោះមានបេឡាជាតិរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល បេឡាជាតិអតីតយុទ្ធជន និងនាយកដ្ឋានសុខុមាលភាពសង្គម ទន្ទឹមនឹងនេះ ក៏នៅមានចំណុចខ្វះខាតមួយចំនួនជាពិសេស គឺការរៀបចំលិខិតបែបបត់រដ្ឋបាល ដែលមានលក្ខណៈត្រឹមត្រូវក្នុងទម្រង់តែមួយ ដែលទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បពង្រឹងការអនុវត្តមុខងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នងឱកាសនេះផងដែរ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ស សាម៉ីឌី អនុរដ្ឋលេខាធិការ និងជាសាស្រ្តាចារ្យសាលាភូមិន្ទរដ្ឋបាល ដែលបានចំណាយពេលដ៏មានតំលៃ ក្នុងការចូលរួមបណ្តុះបណ្តាល
ដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមូលនិធិជាតិជំនួយសង្គម ដែលគាត់អាចរៀនសូត្របន្ថែមទៀត ដើម្បីអាចយកមកអភិវឌ្ឍន៍ក្នុងការងារ
ប្រចាំថ្ងៃរបស់ពួកគាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ ប្រចាំនៅកម្ពុជា ដែលបានជួយសហការគាំទ្រ ឱ្យមានវគ្គបណ្តុះបណ្តាលនេះឡើង។

លោកបានស្នើរសុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃមូលនិធិជាតិជំនួយសង្គមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដោយផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងលើកជាសំណួរឱ្យបានផុសផុល ទៅតាមមេរៀនដែលលោកគ្រូនឹងបង្រៀនក្នុងរយៈពេលពេញមួយថ្ងៃនេះ។

លោកសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តានេះមន្ត្រីរបស់យើងទាំងអស់នឹងទទួលបាននូវការយល់ដឹង
ច្បាស់លាស់ពាក់ព័ន្ធនឹងការរៀបចំបែបបទលិខិតរដ្ឋបាលបានកាន់តែប្រសើរ។

លោក សំហេង បុរស សូមថ្លែងអំណរគុណដល់អង្គការដៃគូអភិវឌ្ឍ និងសិក្ខាកាមទាំងអស់ដែលចំណាយពេលដ៏មានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ៕