(បាត់ដំបង)៖ អតីតថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ៣រូបទៀត ត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេសម្រេចដើរចេញពីអតីតបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។
អតីតថ្នាក់ដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ដែលប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានេះ រួមមាន៖ លោក យួម ដូង អតីតប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនក្រុងបាត់ដំបង, លោក ហុង ថុណា អតីតសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបាត់ដំបង និងលោក សឹម បូរី អតីតអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនក្រុងបាត់ដំបង ស្រុកកំរៀង ខេត្តបាត់ដំបង។
ពិធីប្រកាសបញ្ចូលអតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ជាសមាជិកបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីលោក យូ សិរីវុឌ្ឍ និងលោក កែវ ផុង ផងដែរ។
ក្នុងពិធីនោះ លោក សុខ លូ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានថ្នាក់ដឹកនាំ គណបក្សភ្លើងទៀន ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបានចាត់ទុកការសម្រេចចិត្តរបស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នា កសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោក សុខ លូ បានណែនាំឱ្យអតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបង ខិតខំកៀរគរ សមាជិក សមាជិការបស់ខ្លួន ទៅបោះឆ្នោតជូនគណបក្សប្រជាជន ឱ្យបានគ្រប់ៗគ្នា ដើម្បីឱ្យគណបក្សប្រជាជន បានបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋតទៅទៀត។
លោក សុខ លូ បានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើន បានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន។
សូមបញ្ជាក់ថា អតីតមេដឹកនាំបក្សភ្លើងទៀនក្នុងខេត្តបាត់ដំបូងទាំង៣រូបខាងលើនេះ បានសម្រេចចាកចេញពីគណបក្សភ្លើងទៀន បន្ទាប់ពីពួកគេអស់ជំនឿជាមួយគណបក្សនេះ។ ជាពិសេសការប្រព្រឹត្តអំពើពុករលួយ និងបក្ខពួកនិយមរបស់ថ្នាក់ដឹកនាំបក្ស៕