(កំពង់ធំ)៖​ យុវជនស្ម័គ្រចិត្តនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ​ នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ​ បានផ្តល់ការបណ្តុះបណ្តាលចំពោះតំណាងសិស្សថ្នាក់ទី១០ដល់ទី១២នៅតាមវិទ្យាល័យ ដើម្បីឱ្យសិស្សតំណាងថ្នាក់ទាំងនោះអាចបន្តផ្សព្វផ្សាយទៅកាន់មិត្តភក្តិនៅក្នុងថ្នាក់។

យុទ្ធនាការកម្មវិធីលើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្តរៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅនៅវិទ្យាល័យក្រយា និងវិទ្យាល័យប្រាសាទបល្ល័ង្គ ក្នុងស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ តបតាមការស្នើសុំពីលោក​ យឹម លាត អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ។

នៅក្នុងកម្មវិធីនេះសិស្សានុសិស្សអាចទទួលបានដូចជា៖

១៖​ ការស្វែងយល់ពីវិធីសាស្រ្តរៀន (Learning how to learn) ដែលមានន័យថាសិស្សានុសិស្សម្នាក់ៗអាចស្វែងរកឃើញវិធីសាស្រ្តរៀនដែលសមស្របសម្រាប់មេរៀន និងមុខវិជ្ជានីមួយៗ ក៏ដូចជាវិធីសាស្រ្តរៀនដែលសមស្របទៅតាមបុគ្គលិកលក្ខណៈរបស់ខ្លួន

២៖​ ការរៀនដោយស៊ីជម្រៅ (Enrichment Learning) ដោយប្រើប្រាស់ធនធានសិក្សាចំរុះ ដែលមានន័យថា សិស្សានុសិស្សអាចចេះប្រើប្រាស់ធនធានសិក្សាដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ ដើម្បីបំពេញបន្ថែមទៅលើការរៀននៅក្នុងថ្នាក់ជាមួយគ្រូ

៣៖​ ការរៀនតាមបែបពន្លឿន (Accelerated Learning) សម្រាប់សិស្សថ្នាក់ទី១២ដែលមានលទ្ធផលនៃការសិក្សានៅទាប ហើយអាចរៀនបំប៉នសមត្ថភាពបន្ថែមដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំយុទ្ធនាការ កម្មវិធី លើកកម្ពស់សមត្ថភាពសិស្សានុសិស្សលើវិធីសាស្រ្ត​រៀនក្នុងបរិបទនៃការអប់រំឌីជីថល នៅកម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលដៅគាំទ្រដល់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល។

មកទល់បច្ចុប្បន្ននេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ បានផលិតធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដូចជា៖​ ធនធានសៀវភៅសិក្សា៖ សន្លឹកកិច្ចការសម្រាប់លើកកម្ពស់ការចងចាំ, សៀវភៅលំហាត់អនុវត្ត, និងសៀវភៅជំនួយស្មារតីរូបមន្តគន្លឹះនិងសង្ខេបមេរៀន,។ ធនធានវីដេអូ ៖ វីដេអូសង្ខេបមេរៀន, វីដេអូបង្រៀនទូទៅ, និងវីដេអូសំណួរចម្លើយ។ ធនធានអន្តរកម្ម ៖ ប្រព័ន្ធធ្វើតេស្តសមត្ថភាពសិស្ស

បន្ថែមលើធនធានសៀវភៅសិក្សាទាំងអស់ មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយបានរៀបចំធនធានសៀវភៅសិក្សាសម្រាប់សិស្សថ្នាក់ទី១២ ជាពិសេសរួមមាន ៖​ ធនធានសៀវភៅសិក្សា ៖ សៀវភៅសង្ខេបមេរៀនថ្នាក់វិទ្យាសាស្រ្ត, សៀវភៅសង្ខេបមេរៀននិងកម្រងវិញ្ញាសាអនុវត្ត, និងសៀវភៅកម្រងវិញ្ញាសានិងអត្រាកំណែ។ ធនធានវីដេអូ ៖ វីដេអូដំណោះស្រាយវិញ្ញាសាប្រឡងមធ្យមសិក្សាទុតិយភូមិ

នៅឆ្នាំ២០២៣នេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយនឹងបន្តផលិតធនធានសៀវភៅសិក្សា និងវីដេអូ សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា រួមមានការពិសោធអនុវត្តក្នុងបន្ទប់ពិសោធន៍, ការសិក្សាដោយការបង្កើតគម្រោង, ការសិក្សាដោយការសង្កេតធម្មជាតិ, ការបង្កើនចំណាប់អារម្មណ៍ជាមួយវិទ្យាសាស្រ្ត។

សិស្សានុសិស្សទាំងអស់ ក៏ដូចជាគ្រឹះស្ថានសិក្សារដ្ឋនិងឯកជន គ្រូបង្រៀន និងមាតាបិតានិងអាណាព្យាបាល អាចចូលអានសៀវភៅ និងទស្សនាវីដេអូដែលជាធនធានសិក្សាឌីជីថល សម្រាប់គ្រប់មេរៀន គ្រប់មុខវិជ្ជា និងគ្រប់កម្រិតថ្នាក់ ដែលផលិតដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថលនិងការអប់រំពីចម្ងាយ តាមរយៈវេបសាយ www.duraseksa.com (http://www.duraseksa.com/) ឬតាម App កម្មវិធីទូរសព្ទដៃ Durasek App ។ ដោយសារធនធានសិក្សាឌីជីថលទាំងអស់ ត្រូវបានរក្សាទុកជាលក្ខណៈ Local Hosting ដោយផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួង ដូច្នេះសិស្សានុសិស្សអាចអាននិងទស្សនាធនធានទាំងនេះក្នុងល្បឿនលឿនជាងការទស្សនាលើប្រព័ន្ធដទៃ។

គណៈនាយកនៃវិទ្យាល័យរដ្ឋនិងឯកជន ដែលមានចំណាប់អារម្មណ៍ចំពោះកម្មវិធីនេះ អាចទាក់ទងដោយផ្ទាល់មកកាន់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតេឡេក្រាម 077586886 ឬតាមអ៊ីម៉េល [email protected]