(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អ្នកនាំពាក្យព្រឹទ្ធសភា និងជាតំណាង សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញប្រគល់អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកស្រី ជូនដល់លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ (ខេត្តព្រៃវែង និង ខេត្តស្វាយរៀង) សម្រាប់បែងចែកទៅតាម មូលដ្ឋានក្នុងភូមិភាគទី៦ ដោយអំណោយមនុស្សធម៌ទាំងអស់នេះរួមមាន៖ ឱសថ និងបរិក្ខាពេទ្យ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារក្មេងលេង និងសៀវភៅសរសេរមួយចំនួន ដែលស្មើនឹងទឹកប្រាក់ ៣៨៥,៩០៤,០៧ដុល្លារសហរដ្ឋអាមេ រិក។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានបញ្ជាក់ថា អំណោយរបស់សម្តេចវិបុលសេ នាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ គឺជាការចូលរួមចំណែកចំពោះការលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកចំពោះការលើកកម្ពស់ការងារ សុខាភិបាល របស់អាជ្ញាធរ មូលដ្ឋាន។ ជាងនេះទៀត អំណោយដ៏ថ្លៃថ្លានេះ គឺជាការរួមចំណែកដ៏ធំធេងពីមូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជាជំនួយមនុស្សធម៌យ៉ាងច្រើនជូនដល់ព្រឹទ្ធសភាកម្ពុជា ក្នុង គោលបំណេងជួយលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ និងកុមារ នៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែប្រសើរឡើងផងដែរ។

លោក បានបន្ថែមទៀតថា សម្តេចប្រធានព្រឹទ្ធសភាតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខ និង ការលំបាក ជាពិសេសបញ្ហាសុខសភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រោះថា សុខ ភាព គឺជា វត្ថុដ៏មានតម្លៃបំផុតដែលមិនអាចខ្វះបាន ហើយសុខភាព គឺជាកត្តាចម្បងសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ។

លោកបានបញ្ជាក់បន្ថែមថា អំណោយមនុស្សធម៌ទាំងអស់នេះ  គឺជាលើកទី៤ហើយ ដែលទទួលបានពីមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ  ការផ្តល់អំណោយនេះ គឺមិនត្រឹមតែសម្រាប់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិ ភាគ ទី៦ នោះទេ គឺនិងមានការផ្តល់ទៅតាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគនានា និងបណ្តាខេត្តផ្សេងៗ ទៀតផងដែរ ដោយនឹងធ្វើជាជំហានៗ ហើយកន្លងមក ឯកឧត្តម ក៏បាននាំយកទៅផ្តល់ជូននៅតាមបណ្តាខេត្តមួយ ចំនួនផងដែរ មានដូចជា៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ការទទួលបានជំនួយមនុស្សធម៌ដ៏មានសារសំខាន់នាពេលនេះ គឺកើតចេញពីការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងក្រុមការងារសម្របសម្រួលដឹកនាំដោយលោកលោក សុខ សំណាង និងលោក ជា សុវណ្ណ អ្នកសម្របសម្រួលគម្រោងជំនួយមនុស្សធម៌ និងជាជំនួយការសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា។

លោកស្រី មាន សំអាន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធាន គណៈកម្មការទី៨ព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោកជំទាវ ព្រមទាំងលោក ម៉ម ប៊ុននាង ប្រធានគណកម្មការទី១០ព្រឹទ្ធសភា ជាពិសេសមូលនិធិចែករំលែកសង្រ្គោះជីវិតសាកលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែបានចូលរួមចំណែកជាមួយ នឹងការ លំបាករបស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅតាមបណ្តាខេត្តនីមួយកន្លងមក៕