(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ក្រុមហ៊ុនសន្ដិសុខឯកជន ក៏ដូចជាសហគ្រាស គ្រឹះស្ថានបម្រើសេវាសន្ដិសុខឯកជនទាំងអស់ ត្រូវជួយសម្រួលពេលឈប់សម្រាក និងផ្ដល់អត្តសញ្ញាណប័ណ្ណ ដើម្បីឲ្យភ្នាក់ងាររបស់ខ្លួនបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៤៩ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជា នឹងមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដើម្បីជ្រើសរើសប្រមុខរាជរដ្ឋាភិបាលដឹកនាំប្រទេសទៅរកភាពសុខសាន្ត សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋយើងត្រូវបំពេញកាតព្វកិច្ចទាំងអស់គ្នា។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានថ្លែងយ៉ាងដូច្នេះថា «សូមអំពាវនាវដល់ភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ និងខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន ក៏ដូចជាសហគ្រាសគ្រឹះសា្ថន ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន មេត្តាជួយសម្រួលដល់ភ្នាក់ងារសន្តិសុខឯកជន បានទៅបោះឆ្នោតឲ្យបានគ្រប់ៗ លើការជួយផ្តល់ឯកសារពាក់ព័ន្ធនានា ក្នុងការបោះឆ្នោត ជាពិសេសអត្តសញ្ញាណប័ណ្ណ និងផ្តល់ពេលវេលាសម្រាក ដើម្បីទៅបោះឆ្នោត»

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជន គឺមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណ និងសង្គម។

ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារះ សំខាន់ណាស់ ដែលធ្វើអោយភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេស គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។

បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ការដែលចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កង កម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង ដែលសមត្ថកិច្ចមិនអាចធ្វើបាន ហេតុនេះហើយលោកសូមអំពាវនាវ ដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឲ្យមានប្រសិទ្ធ ភាពខ្ពស់ គឺត្រូវទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឲ្យទាន់ពេលវេលា៕