(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំហុសនយោបាយពីអតីតកាល ធ្វើឱ្យកម្ពុជាជួបវិនាសកម្ម ហើយធនធានមនុស្សត្រូវបានបាត់បង់។

សម្តេចតេជោថ្លែងបែបនេះ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ពេលសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសគេគ្មានធនធានធម្មជាតិទេ តែគេរីកចម្រើនខ្លាំង។ ប្រទេសយើង មានកំហុសនយោបាយ កាលពីអតីតកាល ដោយសារការធ្វើរដ្ឋប្រហារ ១៨ មីនា ១៩៧០។ នោះហើយ ជាចំណុចចាប់ផ្តើមនៃវិនាសកម្ម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា បើគ្មានរដ្ឋប្រហារ ១៨ មីនា ១៩៧០ ហើយទុកឱ្យព្រះបរមរតនកោដ្ឋដឹកនាំប្រទេស កម្ពុជានឹងទទួលបានការអភិវឌ្ឍ ចម្រើនលូតលាស់ មិនជួបវិនាសកម្មនោះទេ។

សូមជម្រាបថា ថ្ងៃទី១៨ ខែមីនា ១៩៧០ គឺជាថ្ងៃដែលអ្នកនយោបាយមួយ ក្រុមរួម មានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សេនាប្រមុខ លន់ នល់ លោក អ៉ិន តាំ និងលោក ចេង ហេងបានរួមគ្នាប្រព្រឹត្តទង្វើក្បត់ដោយ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋ សង្គមរាស្ត្រនិយម។ ផ្តើមចេញពី ការធ្វើរដ្ឋប្រហារខុសច្បាប់នោះហើយ នាំឱ្យកម្ពុជា ជួប នូវមហាសោកនាដកម្មយ៉ាង ខ្លោចផ្សារបំផុត ព្រោះតែភ្លើងសង្គ្រាម៕