(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចផ្តល់ក្របខណ្ឌមន្ត្រីរាជការ ជូនគ្រូ និងបុគ្គលិកបណ្តែត ២៨នាក់ កំពុងបង្រៀន និងបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

ការសម្រេចបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សំណើរសុំចម្រើនពរបិណ្ឌបាត បញ្ចូលមន្ដ្រីក្របខណ្ឌ ចំនួន២៨រូប និងស្នើសុំតែងតាំង មន្ដ្រីសង្ឃចំនួន៣អង្គ ដែលបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា [...] អត់មានជម្រើស ក្រៅពីយល់ព្រម»។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ឲ្យលោក ឈិត សុខុន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា យកការសម្រេចនេះ ទៅធ្វើការជាមួយនឹងក្រសួងមុខងារសារធារណៈ ដើម្បីបញ្ចូលមន្ដ្រី នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ចំនួន២៨នាក់ និងស្នើតែងតាំង ៣ព្រះអង្គ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា គ្រូ និងបុគ្គលិកបណ្តែត ចំនួន២៨នាក់នេះ ត្រូវបញ្ចូលជាមន្ដ្រីក្របខណ្ឌក្រសួងធម្មការ និងសាសនា ប៉ុន្ដែបម្រើការងារ នៅពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា។

សូមបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការ និងសាសនា ផ្ដួចផ្ដើមបង្កើតឡើងដោយព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងបានការប្រោសព្រះរាជទាននាមពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០០៤ មាននាមថា «ពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា»

ក្រោយមកពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តាមអនុក្រឹតលេខ៨៣ អនក្រ.ប.កចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងបព្វជិត និងគ្រហស្ថ ស្របតាមគោលការណ៍មនុស្សធម៌ និងតម្លៃស្នូលគឺ «មេត្តា សតិ បញ្ញា» ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរ ជំនឿសាសនា និងការរើសអើងណាមួយឡើយ។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មាន៤ ពុទ្ធិកមហាវិទ្យាល័យរួមមាន៖ ១. ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ, ២. ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្រ្កឹត និងភាសាបរទេស, ៣. ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ និង៤. ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា ដោយបណ្តុះបណ្តាលលើ ៧ឯកទេសរួមមាន៖ ១. អក្សរសាស្ត្រខ្មែរ, ២. ទស្សនវិជ្ជាព្រះពុទ្ធសាសនា, ៣. វិទ្យាសាស្ត្រអប់រំ, ៤. នីតិសាស្ត្រ, ៥. គ្រប់គ្រងទូទៅ, ៦. អក្សរសាស្ត្រអង់គ្លេស និង៧. វិទ្យាសាស្ត្រកុំព្យូទ័រ។

ជាងនេះទៅទៀត ពុទ្ធិកសាកលវិទ្យាល័យកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេសចំនួន៧ ដូចជា៖ ១. អក្សរសាស្ត្រខ្មែរ, ២. គ្រប់គ្រងទូទៅ, ៣. បង្រៀនភាសាអង់គ្លេស, ៤. វិទ្យាសាស្ត្រអប់រំ, ៥. រដ្ឋបាលសាធារណៈ, ៦. នីតិឯកជន និង៧. ទស្សនវិជ្ជាព្រះពុទ្ធសាសនា។ ក្រោយពេលបញ្ចប់ការសិក្សា សមណនិស្សិត និស្សិតទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់ជំនាន់ទទួលបានការប្រោសព្រះរាជទានសញ្ញាបត្រពី ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក (ខ្វះ១ដុល្លារ គ្រប់២លានដុល្លារ)។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា៕