(ភ្នំពេញ)៖ លោក សំហេង បុរស រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ចើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណនៃវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ។

ពិធ៏នេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជា ប្អូនៗសិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងរាជធានីភ្នំពេញ ចំនួន ៧៧១នាក់។

លោក សំហេង បុរស បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ រៀបចំពិធីអបអរសាទរ ខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីជាការឧទ្ទិសដល់ការលើកកម្ពស់សុខុមាលភាព និងសិទ្ធិរបស់កុមារជុំវិញពិភពលោក និងបង្ហាញពីការការពារ និងចិញ្ចឹមបីបាច់កុមារ ធានាសុខុមាលភាពរបស់ពួកគេ និងការតស៊ូមតិសម្រាប់សិទ្ធិរបស់ពួកគេក្នុងការអប់រំ ការថែទាំសុខភាព និងបរិស្ថានដែលមានសុវត្ថិភាព។

លោកបន្តថា ដើម្បីជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអបអរសាទរ ខួបលើកទី ៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានប្រគល់ទោចក្រយាន ចំនួន ៣០០គ្រឿង ជូនដល់សិស្សានុសិស្សដែលមានជីវភាពក្រលំបាក ដើម្បីបង្ហាញពីការចែករំលែកក្តីស្រឡាញ់ ផ្តល់នូវភាពកក់ក្តៅ ផ្តល់គំរូវិជ្ជមាន និងជំរុញលើកទឹកចិត្តឲ្យប្អូនៗខិតខំសិក្សារៀនសូត្រ ចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសលើកទឹកចិត្តឲ្យប្អូនៗ តស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចបានជោគជ័យ សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។

លោក សំហេង បុរស បានបន្ថែមថា ក្នុងនាមជាសហភាពសហព័ន្ធយុវជនកម្ពុជា បានជឿជាក់ និងមានទំនុកចិត្តចំពោះ ប្អូនៗកុមារា កុមារី នឹងក្លាយជាកុមារគំរូក្នុងសង្គម និងជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់កម្ពុជា ក្រោមម្លប់នៃសន្តិភាព៕