(ស្ទឹងត្រែង)៖ ផ្លូវក្រាលក្រួសក្រហម ១ខ្សែ នៅតាមបណ្ដោយមាត់ទន្លេសេកុង ប្រវែង ២១.០០០ម៉ែត ទទឹង ៧ម៉ែត្រ ស្ថិតនៅភូមិសាស្ត្រសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងឆ្ពោះ ទៅភូមិស្រែតាប៉ាន ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានពិធីបើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឈាង ឡាក់ ប្រធានក្រុមមប្រឹក្សាខេត្ត និងលោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានលើកឡើងថា ការស្ថាបនាផ្លូវក្រាលក្រួសក្រហមន​ពេលនេះ ជាការទាញភ្ជាប់តំបន់ដាច់ស្រយាលឲ្យមកភ្ជាប់ជាមួយទីប្រជុំជន ក៏ដូចជាក្រុងស្ទឹងត្រែងជាដើម។

លោកអភិបាលស្រុកសេសាន បញ្ជាក់ថា ភូមិស្រែតាប៉ាន គឺជាភូមិមួយក្នុងចំណោមភូមិទាំង២២នៃស្រុកសេសាន ដែលមានភូមិសាស្ត្រលំបាកជាងគេ ដោយមានទន្លេចំនួន២ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋមកទទួលសេវានៅរដ្ឋបាលឃុំ ដោយត្រូវឆ្លងទន្លេសេកុងផង និងទន្លេសេសានផង។ លោកបានថ្លែងអំណគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តដែលបានយក​ចិត្តទុកដាក់អនុវត្តគម្រោងស្ថាបនាផ្លូវនេះ។

លោក ស្វាយ សំអ៊ាង ថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានគិតគូដើម្បីដោះស្រាយសំណូមពរ និងតម្រូវការ ចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំ ជននៅជនបទ រួមចំណែកកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាការលើកកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

លោក ស្វាយ សំអ៊ាង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូយ៉ាងខ្ពស់ការកសាងការអភិវឌ្ឍប្រទេសជាតិយើង ដែលយើងកំពុងតែត្រូវការជាចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគ្រប់បែបយ៉ាង។ លោកថា រយៈជាង២០នេះប្រទេសកម្ពុជាមានភាពរីកចំរើនខ្លាំង ជាក់ស្តែងខេត្តស្ទឹងត្រែងមានផ្លូវមានស្ពានជាច្រើនកន្លែង មានទាំងស្ពានបេតុង ស្ពានឈើ និងស្ពានឆ្លងកាត់ទន្លេចំនួន២ ព្រមទាំងមានផ្លូវស្ពានរហូតដល់តំបន់ព្រំដែនទៀតផង។

ជាមួយគ្នានេះ លោកបានអំពាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សានូវសុខសន្តិភាព និងថែរក្សានូវរាល់សមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមកនិងសមិទ្ធផល ដែលរាជរដ្ឋាភិបាលកំពុងបន្តអនុវត្ត។

សូមបញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម ១ខ្សែនេះ ជាផ្លូវស្ថិតនៅតាមបណ្ដោយមាត់ទន្លេសេកុង មានប្រវែង ២១.០០០ម៉ែត ទទឹង ៧ម៉ែត្រ ព្រមទាំងដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ប្រវែងសរុប ៣០ម៉ែត្រចំនួន ២កន្លែង ដាក់លូប្រអប់ភ្លោះកាត់ផ្លូវមុខកាត់ ១,៥ម៉ែត្រ គុណ ១,៥ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន១កន្លែង ដាក់លូមូលទោលកាត់ផ្លូវមុខកាត់ ១ម៉ែត្រ ប្រវែង ១៥ម៉ែត្រ ចំនួន ១កន្លែង ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង និងឃុំសាមឃួយ ឃុំស្តៅ ស្រុកសេសាន និងជាការបើការដ្ឋានស្ថាបនាស្ពានដែកបាឡេ ៣កន្លែង ប្រវែងសរុប ១២០ម៉ែត្រ ទទឹង ៤,១ម៉ែត្រ ស្ថិតនៅឃុំអូរៃនិងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ផងដែរ៕