(ភ្នំពេញ)៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ចាប់បានលេខរៀងទី១៨ ក្នុងចំណោម១៨ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែង។
លេខ១៨នេះ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្ស ជឿជាក់ថា គឺជាលេខហុងស៊ុយ មានលាភសំណាង ដែលអ្នកបោះឆ្នោតនឹងងាយស្រួលចំណាំ។
ខាងក្រោមនេះជាប្រវត្តិលេខរៀងនៅលើសន្លឹកឆ្នោតរបស់ គណបក្សប្រជាជនកម្ពុជា ដែលប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចាប់ពីឆ្នាំ១៩៩៣-២០២៣ ដែលចងក្រងដោយ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា៖
* ១៖ ការបោះឆ្នោតនៅថ្ងៃទី២៥-២៨ ខែឧសភា ឆ្នាំ១៩៩៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ៥១/១២០។
* ២៖ ការបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៣៥ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៣៩ និងទទួលបានអាសនៈចំនួន ៦៤/១២២។
* ៣៖ ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៧ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២៣ និងទទួលបានអាសនៈចំនួន ៧៣/១២៣។
* ៤៖ ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១១ និងទទួលបានអាសនៈចំនួន ៩០/១២៣។
* ៥៖ ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៨ និងទទួលបានអាសនៈចំនួន ៦៨/១២៣។
* ៦៖ ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ១២៥/១២៥។
* ៧៖ ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១៨ ប៉ុន្តែចំនួនអាសនៈប៉ុន្មានដែលគណបក្សប្រជាជនកម្ពុជា នឹងទទួលបានសម្រាប់ការបោះឆ្នោតជាតិលើកទី៧នេះ យើងរង់ចាំមើលទាំងអស់គ្នា៕