(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចូលរួមជាអធិបតី ពិធីបើកការដ្ឋានជួសជុលដាក់ប្រព័ន្ធលូរំដោះទឹក និងបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋ ចំនួន១២៧គ្រួសារ ស្ថិតក្នុងភូមិស្វាយចេក សង្កាត់គោករកា រាជធានីភ្នំពេញ។

មានមតិសំណេះសំណាលនាពេលនោះ លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា សកម្មភាពនាពេលនេះ គឺជាការអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

នាឱកាសនេះលោក ធឹម សំអាន បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ជូនចំពោះក្រុមគ្រួសារទីទ័លក្រ និងងាយរងគ្រោះទាំងអស់ ដោយក្តីនឹករលឹកផងដែរ។

ជាមួយគ្នានេះ លោក ធឹម សំអាន សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ មើលថែទាំសុខភាព និងស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាល គឺដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ។

បន្ទាប់ពី​បើកការដ្ឋានដាក់ប្រព័ន្ធលូ លោក​ ធឹម សំអាន និងមន្ត្រីក្រោមឱវាទ បានបន្តចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១២៧គ្រួសារ។ លោក ធឹម សំអាន បញ្ជាក់ថា ការជួសជុលដាក់ប្រព័ន្ធលូរំដោះទឹក មានប្រវែង ២,០៩០ម៉ែត្រ ទំហំមុខកាត់ទំហំ ០.៦០ម៉ែត្រ ដែលបានជួយរំដោះទឹកចេញពីភូមិស្វាយចេក សង្កាត់គោករកា ក៏ដូចជាអ្នកភូមិក្បែរខាង នៃសង្កាត់គោករកាផងដែរ។

លោកអភិបាលខណ្ឌ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះសម្ភារៈ ក៏ដូចជាកត្តាផ្សេង ៗ ដូចជាពិនិត្យមើល ទៀន ធូប មុននិងចេញដំណើរចាកចេញពីផ្ទះ ដើម្បីកុំឲ្យមានការឆាបឆេះបង្កើតជាអគ្គីភ័យ ដែលបានកើតឡើងជាយថាហេតុ។

អំណោយដែលលោក ធឹម សំអាន នាំយកទៅចែកនាពេលនេះ ដោយក្នុងមួយគ្រួសារទទួលបាន អំណោយរួមមាន៖ អង្ករ ទឹកត្រី និងមី ៕