(ភ្នំពេញ)៖ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ និងជាប្រធានសាខាពិសេស បានជួបសំណេះសំណាលជាមួយសកម្មជនអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀនចំនួន៥១រូប ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក ចេង មុនីរ៉ា បានលើកឡើងថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន នៃខណ្ឌច្បារអំពៅ ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ លោកបានចាត់ទុកការសម្រេចចិត្ត របស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។
លោកបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើនបានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន។
សូមបញ្ជាក់ថា អតីតសកម្មជនគណបក្ស CNRP និងគណបក្សភ្លើងទៀន ចំនួន៥១រូបនេះ បានសម្រេចចាកចេញពីគណបក្សភ្លើងទៀន បន្ទាប់ពីពួកគេអស់ជំនឿជាមួយគណបក្ស៕