(ភ្នំពេញ)៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមកញ្ចប់បញ្ញើប្រៃសណីយ៍ដោយរឹបអូសបានថ្នាំញៀនជាង ៥គីឡូក្រាម។

ប្រតិបត្តិការនេះ អនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

មន្ត្រីជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះថា ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យរដ្ឋបាលសរុប (ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោកវរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ សហការជាមួយលោក ស៊ឹម ធី អគ្គនាយករងប្រៃសណីយ៍កម្ពុជា, ឧត្តមសេនីយ៍ឯក សម វណ្ណវិរ: ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងសមត្ថកិច្ចគយប្រចាំការនៅប្រៃសណីយ៍ ដោយមានការដឹកនាំសម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន តាមរយៈកញ្ចប់បញ្ញើ នៅចំណុចប៉ុស្តប្រៃសណីយ៍កម្ពុជា (វត្តភ្នំ) និងនៅចំណុចបន្ទប់លេខ B1B ជាន់ទី១១ ខុនដូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ វ៉ូ ហ្វាងម៊ិញ (VU QUANG MINH) ភេទប្រុស ជនជាតិវៀតណាម កើតនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ១៩៨៤ និងចាប់យកគ្រឿងញៀនរួមមាន ១-គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ ៤ ២១២ក្រាម (បួនគីឡូក្រាម និងពីររយដប់ពីរក្រាម) ២-គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ១០១៨ក្រាម (មួយគីឡូក្រាម និងដប់ប្រាំបីក្រាម)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។

សូមជម្រាបថា ក្នុងរយៈពេលចុងក្រោយនេះ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បង្ក្រាបបានករណីជួញដូរគ្រឿងញៀនធំជាច្រើនករណីជាប់ៗគ្នា ជាមួយនឹងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការខិតខំបង្ក្រាបគ្រឿងញៀនឲ្យដល់ឬសគល់ ដូចភ្លៀងរលឹមនៅទូទាំងប្រទេស៕