(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងលោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យ សម្តេចពិជ័យសេនា ទៀ បាញ់ និងជាអគ្គលេខាធិការរង CAMSOC-CAMAPGOC តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC នៅល្ងាចថ្ងៃទី៣០ ខែឧសភានេះ បានអញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាក្រុមគ្រួសារសពលោក ផល សំណាង ដែលបានទទួលមរណភាព កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។

ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ លោក វ៉ាត់ ចំរើន បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ជូនលោក រឿន សុផល និងលោកស្រី ផន ម៉ានី ត្រូវជាឪពុក-ម្ដាយបង្កើត ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូន ចៅ និងសាច់ញាតិជាទីស្រលាញ់ និងប្រកបដោយព្រហ្មវិហារធម៌ ។ ក្នុងនាមសម្ដេចពិជ័យសេនាប្រធាន លោកក៏បាននាំនូវបច្ច័យចំនួន ៥លានរៀល របស់គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ចូលបុណ្យជាមួយក្រុមគ្រួសារសពផងដែរ ។

ជាមួយគ្នាដែរ ក្រុមគ្រួសារសព បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដែលបានគិតគូរ និងយកចិត្តទុកដាក់ សួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់ខ្លួន ។ បន្ថែមលើនេះ លោក រឿន សុផល ក៏បានថ្លែងអរគុណថ្នាក់ដឹកនាំ CAMSOC-CAMAPGOC ដែលបានណែនាំ ក៏ដូចជាក្រុមការងារ សម្រាប់សហការ និងធ្វើការជាមួយអាជ្ញាធរ ក្នុងការស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ជូនដល់កូនប្រុសរបស់ខ្លួនផងដែរ ។

សូមរំឮកថា កាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ដ និងម៉ូតូមួយ កើតឡើងនៅភូមិព្រែកលាប សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិត គឺយុវជន ផល សំណាង ។ មរណភាពនេះ បានធ្វើឲ្យបងប្អូន ញាតិមិត្ត និងថ្នាក់ដឹកនាំ CAMSOC-CAMAPGOC មានសេចក្ដីតក់ស្លត់ រន្ធត់ចិត្ត និងសោកស្ដាយជាខ្លាំង ដ្បិត សំណាង គឺជាយុវជនឆ្នើមមួយរូប ដែលតែងលះបង់នូវកម្លាំងកាយចិត្តចូលរួមការងារសង្គមជាតិដ៏សកម្ម ជាពិសេសគឺការជួយសម្របសម្រួលជាមួយក្រុមការងារស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីថ្មីៗ តែម្ដង ៕