(សំបូរ-ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយសហការីជាមន្ត្រីគណបក្សនៅថ្នាក់ជាតិ ខេត្ត និងមូលដ្ឋាន បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋដែលជាប្រធាន និងអនុប្រធានក្រុមបក្សនៅឃុំចំនួនបី គឺឃុំកោះខ្ញែរ ឃុំសំបូរ និងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តព្រះវិហារធំសសរ១០០ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីសំណាក់បេក្ខជនឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាសម្រាប់មណ្ឌលខេត្តក្រចេះ លោកប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកសំបូរ លោក លោកស្រីជាប្រធាន អនុប្រធានក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំទាំង៦ គណៈសាខាបក្សភូមិក្នុងឃុំកោះខ្ញែរ  ឃុំសណ្តាន់ និងឃុំសំបូរ ព្រមទាំងមន្ត្រីមូលដ្ឋាន និងប្រជាពលរដ្ឋ សរុបមានអ្នកចូលរួមប្រមាណជិត ១ពាន់នាក់។

បន្ទាប់ពីលោក រិទ្ធិ ព្រលឹង អភិបាលរងស្រុកសំបូរ បានធ្វើរបាយការណ៍ពីស្ថានភាពទូទៅ និងស្ថានការណ៍ជាក់ស្តែងនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋានរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា បានថ្លែងមតិសំណេះសំណាលជាមួយអ្នកចូលរួមក្នុងអង្គពិធីទាំងមូល ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលជាការបោះឆ្នោតដើម្បីធានាកំណត់តួនាទីជាប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិកម្ពុជាយូរអង្វែងបន្តទៅទៀត លើមាគ៌ាសុខសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់អនាគតរុងរឿងរបស់មនុស្សគ្រប់ជំនាន់។

លោករដ្ឋមន្ត្រីបានអំពាវនាវចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមយ៉ាងសកម្ម គាំទ្រអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានក្នុងកិច្ចការពាររឹងមាំ ស្ថិរភាពនយោបាយ និងការរក្សាបានល្អនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម សម្រាប់ធានាឱ្យការបោះឆ្នោតជាតិនាខែកក្កដាខាងមុខប្រព្រឹត្តទៅប្រកបដោយលក្ខណៈប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលគណបក្សនយោបាយទាំងអស់បានចូលរួមប្រកួតប្រជែងដោយសេរី តម្លាភាព ក្នុងក្របខណ្ឌពហុបក្ស និងគ្មានអំពើហិង្សា។

ចុងបញ្ចប់នៃពិធីសំណេះសំណាល លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះ បានសំដែងជំនឿជាក់លើឆន្ទៈមុតមាំរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតលើមគ្គុទ្ទេសភាពដ៏ឈ្លាសវៃនិងថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំចលនាជាតិប្រយុទ្ធឈ្នះកូវីដ-១៩ នាំសង្គមជាតិមកកាន់ប្រក្រតីភាពដូចសព្វថ្ងៃ និងបានដឹកនាំប្រកបដោយជោគជ័យកិច្ចប្រជុំកំពូលអាស៊ាន និងជាពិសេស គឺជោគជ័យដ៏មហស្ចារ្យនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ស៊ីហ្គេម នៅកម្ពុជា (SEA GAME) ថ្មីៗនេះ ដែលបានលើកកម្ពស់កិត្យានុភាពពោរពេញដោយមោទនភាពជាតិកម្ពុជាលើឆាកអន្តរជាតិ។

យើងទាំងអស់គ្នា មានកាតព្វកិច្ចត្រូវប្រែក្លាយមនុញ្ញផលដ៏ថ្លៃថ្លានេះ ឱ្យទៅជាកម្លាំងចលករជំរុញឧត្តមភាពប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាសំដៅដណ្តើមជ័យជំនះទាំងស្រុងក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨លើសន្លឹកឆ្នោត ដើម្បីគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីបន្ត និងគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីអនាគតរបស់កម្ពុជា៕