(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គ្មានអ្វីជាប់ពាក់ព័ន្ធនឹង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឬរដ្ឋធម្មនុញ្ញនោះឡើយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ជូន កម្ពុជាមានច្បាប់ទម្លាប់ គណបក្សប្រជាជន គឺជាគូប្រកួតមួយ គ្មានចំណងទាក់ទងអ្វី ជាមួយនឹងការសម្រេចរបស់ គ.ជ.ប ឬក្រុមប្រឹក្សាធម្មនុញ្ញនោះឡើយ»

បន្ថែមពីទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឲ្យដឹងផងដែរថា រាជរដ្ឋាភិបាល ក៏មិនអាចទៅត្រួតត្រា ទៅលើស្ថាប័នធម្មនុញ្ញ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញនោះទេ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដាំផ្ញើ ដល់អ្នកដែលមានបំណង ចង់ប្រមូលផ្ដុំប្រឆាំងការបោះឆ្នោត សូមកុំរញែរញៃ ជាមួយនឹងបាតុកម្ម ឬអ្វីផ្សេងៗ ដោយសម្ដេច បានបញ្ជាក់ថា សម្ដេចបានផ្ដល់សាររួចហើយ ហើយសារទី១នេះ នៅតែមានតម្លៃ ដោយមិនចាំបាច់ ចេញសារទី២នោះឡើយ។

ទន្ទឹមគ្នានេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានប្រកាសចាប់យកទាំងអស់ អ្នកណាក៏ដោយ ដែលមិនបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សម្តេចតេជោ បានថ្លែងថា អ្នកមានបំណងប្រមូលផ្តុំប្រឆាំងការបោះឆ្នោត នឹងត្រូវស្វាគមន៍ដោយគុក។

សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការលើការចុះបញ្ជី របស់ គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ។ ដោយឡែកគណបក្សភ្លើងទៀត និងគណបក្សមហាសាមគ្គីជាតិខ្មែរ ត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ បដិសេធក្នុងការចុះបញ្ជី។

សូមបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានតម្រូវឲ្យកម្ពុជា រៀបចំការបោះឆ្នោតជាសកល ដោយ សេរី និងយុត្តិធម៌ ដើម្បីបញ្ចប់ជម្លោះបង្កើតស្ថាប័ន គ្រប់គ្រងប្រទេស និងកសាងនីតិរដ្ឋ។

ក្រោមកិច្ចរៀបចំរបស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ អ៊ុនតាក់ (UNTAC) ការបោះឆ្នោតជាសកល លើកដំបូងបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ហើយសភាធម្មនុញ្ញមួយបាននិមិត្តឡើងនៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៣ ដើម្បីតាក់តែងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នឹងប្រារព្ធឡើងនៅថ្ងៃអាទិត្យ រៀងរាល់៥ឆ្នាំម្តង។ គិតមកឆ្នាំ២០២៣នេះ ប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ចំនួន៧លើកមកហើយ។

អាណត្តិទី១៖ គឺបោះឆ្នោតនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ១៩៩៣
អាណត្តិទី២៖ បោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨
អាណត្តិទី៣៖ បោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣
អាណត្តិទី៤៖ បោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨
អាណត្តិទី៥៖ បោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
អាណត្តិទី៦៖ បោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨

ការរៀបចំបោះឆ្នោតអាណត្តិទី៧ នឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕