(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងការពារជាតិកម្ពុជា បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងខែឧសភា និងលើកទិសដៅបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្ដីការក្រសួងការពារជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំអង្គភាពក្រោមចំណុះផងដែរ។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងខែឧសភា ឆ្នាំ២០២៣ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកអនុវត្តតួនាទី និងភារកិច្ចជាក់ស្ដែងចំពោះមុខ ដោយសម្រេចបានជោគជ័យនូវសមិទ្ធផលការងារធំៗជាច្រើន។

កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងកិច្ចការការពារជាតិលើគ្រប់វិស័យនៅតាមតំបន់ព្រំដែនគោក ដែនសមុទ្រ ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវរៀងៗខ្លួនដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រង សភាពការណ៍ និងចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន និងសកម្មភាពឆ្លងដែនខុសច្បាប់ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការល្អដោះស្រាយបញ្ហាផ្សេងៗ ដែលកើតឡើងដោយសន្តិវិធី។

កងយោធពលខេមរភូមិន្ទបានបន្ត ម្ចាស់ការ និងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ធ្វើការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាព បទល្មើសគ្រប់ប្រភេទ។ ជាក់ស្ដែង ករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើង២៥០លើក កងយោធពលខេមរភូមិន្ទម្ចាស់ការបង្ក្រាប បានចំនួន១៤៧លើក។

កងយោធពលខេមរភូមិន្ទបានចូលរួមការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយសុវត្ថិភាព និងសន្តិសុខសណ្តាប់ ធ្នាប់ល្អទាំងក្នុងនៅពិធីបើក រយៈពេលនៃការប្រកួតនិងពិធីបិទ ត្រូវបានមជ្ឈដ្ឋានជាតិ អន្តរជាតិអបអរសាទរ កោតសរសើនូវស្នាដៃដែលខ្មែរធ្វើបាន។

នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី១៧ឆ្នាំ ដែលកម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមស្លាកអង្គការសហប្រជាជាតិ ទៅបំពេញ​បេសកកម្មមនុស្សធម៌ នៅតាមប្រទេសមួយចំនួន។ រយៈពេល១៧ឆ្នាំ កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាតិ ៩០០០នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពចំនួន៩ប្រទេស ខណៈនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាមានកម្លាំងមួកខៀវចំនួនជិត៩០១នាក់ កំពុងឈរជើងបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅតាមបណ្តាប្រទេសចំនួន៤ រួមមាន៖ប្រទេសស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងប្រទេសម៉ាលីជាដើម។

កម្ពុជា​ដែលធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាម តែងមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ ដើម្បី​បំពេញបេសកកម្មរក្សាសន្តិភាព និងមនុស្សធម៌ជាមួយអង្គការសហប្រជាជាតិ ដោយមិនមានការរារែកនោះទេ ទោះបីជាកន្លងទៅមានបញ្ហាប្រឈមមួយចំនួនក៏ដោយ។

ដោយឡែកចំពោះទិសដៅការងារខែមិថុនា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ បានចង្អុលបង្ហាញបន្ថែមអំពីផែនការការងាររបស់ក្រសួងការពារជាតិ និងការងារសំខាន់មួយចំនួនទៀត ដែលក្នុងនោះមានដូចជា៖

- សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២០៖ កិច្ចសន្ទនាសាំងហ្គីឡា(The_20" Asia Security Summit: The Shangri-La Dialogue) ​នាដើមខែមិថុនា នៅប្រទេសសិង្ហបុរី ដែលសម្តេចពិជ័យសេនា នឹងថ្លែងសុន្ទរកថាគន្លឹះមួយចំនួន។

- ការរៀបចំខួបលើកទី៤៦ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ ខែមិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលនឹងធ្វើឡើងនៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាដើម៕