(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលពោរពេញដោយភាពជោគជ័យក្នុងការដឹកនាំប្រទេសជាង៤០ឆ្នាំមកនេះ បានដាស់តឿនផ្ដាំផ្ញើដល់អ្នកបន្តវេនដឹកនាំប្រទេសជំនាន់ក្រោយ ត្រូវរៀបចំគោលនយោបាយថវិកាវិភាជឱ្យបានច្បាស់លាស់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចាំបាច់នានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនទូទៅ និងបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌។

ការសង្កត់ធ្ងន់បែបនេះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងទន្លេ និងស្ពានអាកាសឫស្សីកែវ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ពីបំណងចង់ឱ្យអ្នកបន្តវេនដឹកនាំប្រទេសជំនាន់ក្រោយ ត្រូវគិតគូរពីការរៀបចំគោលនយោបាយថវិកាវិភាជឱ្យបានច្បាស់លាស់ត្រឹមត្រូវ ធ្វើយ៉ាងណាជំរុញឱ្យការកសាងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធចាំបាច់នានាកាន់តែមានភាពល្អប្រសើរ ដើម្បីជាមធ្យោបាយក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ក៏ដូចជាបែងចែកផ្លែផ្កាដែលបានពីកំណើនសេដ្ឋកិច្ចទៅដល់ប្រជាជនទូទៅប្រកបដោយសមធម៌។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឱ្យអ្នកបន្តវេន សូមកុំភ្លេចប្រើប្រាស់វិភាជថវិកាទៅលើហេដ្ឋារចនាសម្ពន្ធពន្លឿនសេដ្ឋកិច្ច ដែលខ្ញុំប្រើពាក្យថា បែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌។ ចំណុចនេះត្រូវក្ដាប់ឱ្យជាប់ក្នុងពេលដឹកនាំប្រទេស ឬក៏ដឹកនាំស្ថាប័នដែលទាក់ទងនឹងការរៀបចំគោលនយោបាយស្ដីពីការអភិវឌ្ឍ»

ឃ្លាប្រយោគដែលសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធម៌» នេះ គឺចង់សំដៅលើវិភាជថវិកាទាំងឡាយដែលត្រូវយកទៅកសាងហេដ្ឋរចនាសម្ពន្ធបម្រើឱ្យប្រជាជនទាំងអស់គ្នា ដោយមិនមានការកំណត់សម្រាប់អ្នកមានជីវភាពធូរធា ឬខ្សត់ខ្សោយនោះឡើយ តួយ៉ាងដូចជាការកសាងផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹកជាដើមនោះ គឺសុទ្ធតែជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌។

សម្ដេចតេជោបានលើកឧទាហរណ៍ជាក់ស្ដែងទៅលើការកសាងផ្លូវថ្នល់ ស្ពាន ទោះបីប្រជាជនដែលមានជីវភាពធូរធា ឬអ្នកមានជីវភាពខ្សត់ខ្សោយក៏ដោយ ក៏សុទ្ធតែត្រូវការធ្វើដំណើរ និងឆ្លងកាត់ដូចគ្នា។ មួយវិញទៀត សាលារៀន មន្ទីរពេទ្យ ទីផ្ដល់សេវាសាធារណៈផ្សេងៗ ក៏សម្រាប់បម្រើដល់ប្រជាជនទូទៅផងដែរ។

ប្រមុខរាជរដ្ឋាភិបាលក៏បានផ្ដាំផ្ញើជាមុនដែរថា រាល់ការចាត់ចែងថវិកាលើការកសាងហេដ្ឋារចនាសម្ពន្ធទាំងនេះ គឺត្រូវតែមានការរៀបចំគោលនយោបាយឱ្យបានត្រឹមត្រូវ ច្បាស់លាស់ ជៀសវាងការចំណាយថវិកាជាតិខ្ជះខ្ជាយ។

សម្ដេចតេជោ ហ៊ុន សែន បានរំឭកដល់រឿងដែលកម្ពុជាត្រូវទទួលរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមកាលពីប៉ុន្មានឆ្នាំ តែពេលនោះរាជរដ្ឋាភិបាលបានស្នើសុំលើកពេលបន្តវេនសិន ដោយត្រូវការថវិកាដើម្បីកសាងហេដ្ឋារចនាសម្ពន្ធ និងអភិវឌ្ឍប្រទេសឱ្យបានប្រសើរជាងមុខ តែដល់ឆ្នាំ២០២៣នេះទើបកម្ពុជាមានលទ្ធភាពរៀបចំព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ ដែលនេះគឺកើតចេញពីការគិតគូរ រៀបចំ អនុវត្តយ៉ាងច្បាស់លាស់ក្នុងកិច្ចការដឹកនាំអភិវឌ្ឍប្រទេសជាតិ៕