(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សានៅក្នុងស្រុកតាំងគោកប្រមាណ ៥៦៨នាក់ ដែលធ្វើឡើងនៅ១០ទីតាំងផ្សេងគ្នា។

លោកអភិបាលស្រុក បានពាំនាំនូវការសាកសួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ជាក់ថា ពិធីជួបជុំថ្ងៃនេះ គឺជាការលើកទឹកចិត្តដោយផ្ទាល់ពីសំណាក់ប្រមុខថ្នាក់ដឹកនាំ ចំពោះលោកគ្រូ អ្នកគ្រូ  ហើយកំណែទម្រង់ ចុងក្រោយក្នុងវិស័យអប់រំនេះ គឺជាជោគជ័យដ៏ធំក្នុងវិស័យអប់រំពីព្រោះបច្ចុប្បន្នកម្ពុជាមានប្រព័ន្ធអប់រំច្បាស់លាស់ ខុសពីពេលកន្លងទៅ ដែលអ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះ បង្រៀនអ្នកមិនចេះ ប៉ុន្តែបច្ចុប្បន្នលោកគ្រូ អ្នកគ្រូសុទ្ធតែមានគរុកោសល្យត្រឹមត្រូវ ហើយដើម្បីបង្រៀនសិស្សឲ្យមានសមត្ថភាព លុះត្រាតែលោកគ្រូ អ្នកគ្រូ មានចំណេះ និងជំនាញពិតប្រាកដ។

រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដូចវិស័យអាទិភាពមួយផ្សេងទៀត ដោយបានតម្លើងប្រាក់បៀរវត្សដល់លោកគ្រូ អ្នកគ្រូ ឱ្យបានសមរម្យ ដើម្បីជួយលើតម្កើងកម្រិតជីវភាពពួកគាត់ ឱ្យបានល្អប្រសើរមួយកម្រិតផងដែរ។

លោកបានថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូដែលចូលរួមថែរក្សាសន្តិភាព ជួយផ្សព្វផ្សាយការចាក់វ៉ាក់សាំងកូវីដ១៩ និងកន្លងមកបានចូលរួមជាមួយរដ្ឋបាលស្រុក ជាមួយក្រុមគ្រូពេទ្យក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ផ្តល់ទីតាំងសម្រាប់ប្រជាពលរដ្ឋធ្វើចត្តាឡីស័កក្នុងកំឡុងពេលកម្ពុជាកំពុងផ្ទុះកូវីដ។

លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ក្នុងការផ្ទេរចំណេះដឹង បទពិសោធន៍ កម្លាំងកាយចិត្ត សីលធម៌ គុណធម៌ ដើម្បីឱ្យមនុស្សម្នាក់ពោពេញសមត្ថភាព ចំណេះដឹង និងជំនាញច្បាស់លាស់។

ជាចុងក្រោយ លោកអភិបាលក៏បានលើកទឹកចិត្តឲ្យលោកគ្រូ អ្នកគ្រូខិតខំបំពេញការងា រិះរកវិធីសាស្រ្តបង្រៀនថ្មីៗ មានសាមគ្គីភាពផ្ទៃក្នុងរបស់អង្គភាព៕