(ភ្នំពេញ)៖ លោក នឹម ថូត រដ្ឋលេខាធិការប្រចាំការតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាសង្គមកិច្ចពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «គោរពភាពចម្រុះ តាមរយៈការផ្សារ ភ្ជាប់ សកម្មភាពសង្គមរួមគ្នា»។

លោក តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច បានឱ្យដឹងថា ទិវាសង្គមកិច្ចពិភពលោក ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់លើកកម្ពស់ដល់កម្លាំងសេវាសង្គម និងអ្នកសង្គមកិច្ចទាំងអស់ ទាំងក្របខ័ណ្ឌស្ថាប័ន រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ អង្គការ សមាគម អ្នកសង្គមកិច្ច ដែលបានខិតខំរួមគ្នាដោះស្រាយបញ្ហានានា ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែប្រសើរ ការអភិវឌ្ឍសង្គម និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការគាំទ្រដល់ជនរងគ្រោះ និងងាយរងគ្រោះនៅក្នុងសង្គម។

លោកអគ្គនាយក បានបន្តទៀតថា កម្ពុជាត្រូវការកម្លាំងសេវាសង្គមដ៏រឹងមាំមួយ ក្នុងការរួមចំណែកដល់ការផ្តល់សេវាសង្គម ការកសាងសហគមន៍ប្រកបដោយផាសុកភាព ដោយធ្វើការជាមួយសមាគម ដែលប្រជាជនត្រូវការ ការគាំទ្រគ្រប់ប្រភេទ។ លើសពីនេះ កម្លាំងសេវាសង្គម បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ និងលើកកម្ពស់សុខុមាលភាពដល់ក្រុមជនរងគ្រោះ និងងាយរងគ្រោះ ការកាត់បន្ថយភាពក្រីក្រ ការគ្រប់គ្រងហានិភ័យ និងជួយសម្រួលដល់ការទទួលបាន និងផ្តល់សេវាការពារពីសង្គម រួមទាំងការភ្ជាប់ទំនាក់ទំនងរវាងជនរងគ្រោះ ងាយរងគ្រោះ និងក្រុមគ្រួសារអាចឱ្យទទួលបានសេវាសុខុមាលភាពដែលពួកគេត្រូវការ។

ថ្លែងក្នុងអង្គពិធី លោក នឹម ថូត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីជំនាញរបស់រាជរដ្ឋាភិបាល សាស្រ្តាចារ្យ បុគ្គលិកអង្គការ សមាគមជាតិ អន្តរជាតិ សិស្ស និស្សិត និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ក្នុងការផ្តល់សេវាសង្គម ការបណ្តុះបណ្តាលជំនាញឯកទេស និងការផ្តល់អន្តរាគមន៍យ៉ាងសកម្ម ដល់ជនរងគ្រោះ និងងាយរងគ្រោះ ពិសេសស្រ្តី កុមារ ជនពិការ មនុស្សចាស់។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ឆ្នាំ២០២៣នេះ គឺជាខួបលើកទី១៣ នៃទិវាសង្គមកិច្ច នៅកម្ពុជា ដែលក្រសួងបានសហការជាមួយផ្នែកពាក់ព័ន្ធ ក្នុងការរៀបចំទិវានេះឡើង ដើម្បីបង្ហាញឱ្យឃើញពីការយក ចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញលើកកម្ពស់ការងារសង្គម ទាំងការផ្តល់សេវា ការបណ្តុះបណ្តាលជំនាញឯកទេស និងការលើកកម្ពស់កម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល ស្របតាមបរិបទនៃការរីកចំរើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផលនៃសន្តិភាព។

ជាទីបញ្ចប់ លោកក៏បានសង្ឃឹមយ៉ាមុតមាំថា ទិវាសង្គមកិច្ចពិភពលោក នឹងផ្ដល់នូវវេទិកាដើម្បីបង្ហាញពីសមិទ្ធផលរួមរបស់យើងឆ្លុះបញ្ចាំងពីគុណតម្លៃរួមគ្នាលើការងារសង្គមរបស់យើង។ ជាពិសេសប្រធានបទឆ្នាំនេះ ត្រូវបានដកស្រង់ចេញមកពីធម្មនុញ្ញប្រជាជននៃសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិ សម្រាប់ពិភពលោកចម្រុះ (Eco-World) ថ្មីមួយ ដែលលើកកម្ពស់ការចូលរួមរបស់មនុស្សក្នុងតំបន់ និងសហគមន៍ចម្រុះធ្វើការរួមគ្នាដើម្បី សម្រេចបានការផ្លាស់ប្តូរ ការឆ្ពោះទៅរកការរស់នៅប្រកបដោយ «ទំនុកចិត្ត សន្តិសុខ និងសន្តិភាពនៅក្នុងពិភពលោក ប្រកបដោយនិរន្តរភាព»៕