(កណ្ដាល)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះទៅពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត និងពិនិត្យមើលទៅលើដេប៉ូខ្សាច់ជាច្រើននៅសង្កាត់រកាខ្ពស់ ក្រោយបងប្អូនប្រជាពលរដ្ឋ បានស្នើសុំមកខេត្តដើម្បីឲ្យជួយដោះស្រាយបញ្ហាដែលបានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ។

ស្ថិតក្នុងឱកាសនេះ លោកបានណែនាំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងអស់ សូមចូលរួមគោរពតាមច្បាប់រ៉ែឲ្យបានខ្ចាប់ខ្ចួន និងការដឹកខ្សាច់ត្រូវឈរលើគោលការណ៍ច្បាប់ឲ្យបានល្អ ពិសេសណែនាំដល់អ្នកបើកបរ សូមមានក្រមសិលធម៍ល្អជាដើម។

លោកថា ម្ចាស់អាជីវកម្មទាំងឡាយ ត្រូវចូលខ្លួនទៅប្រជុំឲ្យបានញឹកញាប់តាមការកោះហៅ ដើម្បីធានាបាននូវការគោរពឲ្យមានប្រសិទ្ធភាពនៃការអនុវត្តន៍ ពោលគឺធ្វើយ៉ាងណាតាមដានទាំងអស់គ្នា ចំពោះលក្ខណៈច្បាប់ទាំងឡាយដែលបានដាក់ម។

ទោះយ៉ាងណា លោកអភិបាលរងខេត្ត នៅតែព្រមានវិធានការផងដែរចំពោះម្ចាស់អាជីវកម្មណាដែលមិនគោរពតាមការណែនាំ ហើយបើនៅតែបន្តនិយាយមិនស្ដាប់ អាជ្ញាធរឈានទៅបិទអាជីវកម្មដកហូតអាជ្ញាប័ណ្ណមិនខានឡើយ។

ចំពោះផ្លូវខូចខាត លោកនឹងសិក្សាមើលថា បើពិតជាខូចខាតដោយសារឡានដឹកមែន លោកនឹងអន្តរាគមន៍ទៅម្ចាស់ដេប៉ូទាំងអស់នៅក្នុងមូលដ្ឋាន ដើម្បីជួយចេញជាបដិភាគក្នុងការកសាងផ្លូវជូនពលរដ្ឋវិញ។

ជាមួយគ្នានេះដែរ ពលរដ្ឋបានសំដែងការសាទរ និងត្រេកអរចំពោះការយកចិត្តទុកដាក់នេះ ហើយសង្ឃឹមខ្ពស់ថានឹងមានប្រសិទ្ធភាពខ្ពស់៕