(ភ្នំពេញ)៖ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាបានជ្រាបច្បាស់ហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ គឺតារាកំប្លែង នាយ វ៉ាងអង បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការសាងសង់ផ្ទះយឺតជូនលោក។ ប៉ុន្តែយ៉ាងណាថ្មីៗនេះ តារាកំប្លែងរូបនេះបានបង្ហាញក្តីរីករាយក្រោយទទួលបានដំណោះស្រាយសមរម្យមួយពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

នាង វ៉ាងអង បានបង្ហោះរូបភាពជាច្រើនជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមនឹងសារដែលមានអត្ថន័យថា «ក្រោយពីបានជួបនឹងអ្នកឧកញ៉ាផ្ទាល់កាលពីព្រឹកមិញនេះ ធ្វើឲ្យខ្ញុំកាន់តែយល់ច្បាស់ពីភាពសាមញ្ញរបស់អ្នកឧកញ៉ា និងការទទួលខុសត្រូវខ្ពស់ចំពោះអតិថិជន ជាពិសេសចំពោះរូបខ្ញុំដែលជាសិល្បៈមួយរូប។ បេះដូងសិល្បៈ និងការស្រឡាញ់សិល្បៈរបស់អ្នកឧកញ៉ា ពិតជាធំធេងណាស់ ខ្ញុំសូមស្ងើចសរសើរដោយស្មោះ»

លោកបន្តថា «ខ្ញុំក៏ព្រមទទួលយកដំណោះស្រាយរបស់អ្នកឧកញ៉ាផងដែរ។ ចំពោះអតិថិជនដែលផ្ទះមិនទាន់សាងសង់ ហើយក្រុមហ៊ុនក៏មានផ្ទះឲ្យនៅជាបណ្ដោះអាសន្ន ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ! ទឹកចិត្តរបស់អ្នកឧកញ៉ា និងការទទួលខុសត្រូវសម្រាប់រូបខ្ញុំ និងអតិថិជនពិតជាធំធេងណាស់។ ដូច្នេះហើយសូមឲ្យអតិថិជននៅគម្រោងផ្លូវជាតិ 6Aទាំងអស់ កុំមានការព្រួយបារម្ភ។ ជួបបញ្ហាគាត់នឹងដោះស្រាយឲ្យយើង ហើយគាត់នៅគម្រោង រង់ចាំអតិថិជនជារៀងរាល់ថ្ងៃ។ សូមអរគុណ»

ជាមួយនឹងការលើកឡើងរបស់ នាយ វ៉ាងអង បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្ររបស់តារាកំប្លែងរូបនេះ បានបង្ហាញក្តីរីករាយ ក្រោយលោកទទួលបានដំណោះស្រាយដ៏ល្អប្រសើរមួយ៕