(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី និងហត្ថលេខី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ និងកិច្ចព្រមព្រៀង ចំនួន១១ដូចខាងក្រោម៖

១៖ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងបរិស្ថាន។

២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន៩ គឺ៖
១) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ២) សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ៣) សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៤) សាកលវិទ្យាល័យស្វាយរៀង ៥) សាកលវិទ្យាល័យក្រចេះ ៦) បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ៧) វិទ្យាស្ថានជាតិសុខភាពសាធារណៈ ៨) វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង ៩) សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការគាំពារបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ រវាងក្រសួងបរិស្ថាន និងក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា។

ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងបរិស្ថាន និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ សរុបចំនួនប្រមាណ ៣៥០ នាក់។

អនុស្សរណៈនៃការយោគយល់រវាង ក.ប.ទ. និងក្រសួងបរិស្ថាន និងកិច្ចព្រមព្រៀងរវាង ក.ប.ទ. និងគ្រឹះស្ថានឧត្ដមសិក្សាទាំង ៩ ដែលត្រូវបានចុះហត្ថលេខានៅក្នុងពិធីថ្ងៃនេះ មានគោលបំណង ៤ សំខាន់ គឺ ១៖ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់ឯកសារចេញដោយក្រសួងបរិស្ថាននិងសញ្ញាបត្រកម្រិតឧត្ដមសិក្សាចេញដោយគ្រឹះស្ថានឧត្ដមសិក្សានីមួយៗ
២៖ រៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាឌីជីថលសម្រាប់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថានឧត្ដមសិក្សា
៣៖ រៀបចំហេដ្ឋារចនាសម្ព័ន្ធនិងតភ្ជាប់អ៊ីនធឺណិតសម្រាប់ការប្រើប្រាស់ក្នុងក្រសួងបរិស្ថាននិងនៅតាមគ្រឹះស្ថាន
និង៤៖ សហការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងនិងបទពិសោធ ពាក់ព័ន្ធនឹងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបច្ចេកវិទ្យាឌីជីថល ចំពោះគ្រឹះស្ថានឧត្ដមសិក្សា។

នេះជាលើកទី៤ ហើយ ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ និងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើឌីជីថលូបនីយកម្មក្នុងក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានឧត្តមសិក្សា បន្ទាប់ពីបានធ្វើលើកទី១ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ជាមួយសាកលវិទ្យាល័យជាតិគ្រប់គ្រង លើកទី២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទី៣ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ១១។ សរុបទាំង ៤ លើក មានក្រសួងចំនួន ២ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ២១ ដែលចុះអនុស្សរណៈនិងកិច្ចព្រមព្រៀងជាមួយ ក.ប.ទ.។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឲ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹក នៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឲ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ៕