(ភ្នំពេញ)៖ លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត (អ.គ.យ) និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង បានចូលរួមបើក និងដឹកនាំកិច្ចប្រជុំ លើកទី២ នៃគណៈកម្មាធិការដឹកនាំគម្រោង ស្តីពីការលើកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យកាត់ដេរនៅកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធាន សមាជិក និងសមាជិកាគណៈកម្មាធិការគម្រោង តំណាងឱ្យក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកលប្រចាំកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជា សមាគម TAFTAC សមាគមធនាគារកម្ពុជា និងដៃគូអភិវឌ្ឍន៍សរុបចំនួន ៣០រូប (ស្រ្តីចំនួន ៨នាក់) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងទី១៖ ប្រកាសជាផ្លូវការស្តីពីសេចក្តីសម្រេចបង្កើតគណកម្មាធិការដឹកនាំគម្រោង, ទី២៖ ពិភាក្សាអំពីវឌ្ឍនភាពគម្រោង និងមេរៀនដែលទទួលបាន និងទី៣៖ ពិភាក្សាពីផែនការសកម្មភាពគម្រោងបន្តឆ្នាំ២០២៣-២០២៤៕