(កំពង់ស្ពឺ)៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន​ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោក ឡោ សុវិជ្ជា អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិតំណាងក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាលលើកទី៨ ។

ថ្លែងក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណ និងកោតសសើរដល់វិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងពេលនេះ គឺដើម្បីត្រួតពិនិត្យការចូលរួមរបស់វិស័យឯកជន ជួយបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន និងផ្តល់យុទ្ធសាស្រ្តបន្ថែម។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងបញ្ជាក់ម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ចំពោះកិច្ចសហការ និងបង្ហាញពីអារម្មណ៍រីករាយសាទរដល់ក្រុមការងារ ដែលបានយកចិត្តទុកដាក់ដល់ពួកគាត់ បង្កើនការយល់ដឹងបន្ថែមទៀតតាមរយ:ការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល៕