(ឥណ្ឌូណេស៊ី)៖ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក Lee Jang-keun ឯកអគ្គទូតជ្រើសតាំង នៃសាធារណរដ្ឋកូរ៉េប្រចាំអាស៊ាន បានជូនសារតាំងដល់លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីសារៈសំខាន់ និងការប្តេជ្ញាចិត្ត ធ្វើការរួមគ្នារវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ លើវិស័យកិច្ចសហប្រតិបត្តិការនានា ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ដើម្បីចូលរួមចំណែក ដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។

នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Luis Tsuboyama ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៉េរូប្រចាំអាស៊ាន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរ បានជម្រាបគ្នាទៅវិញទៅមក អំពីការវិត្តន៍ចុងក្រោយនៅក្នុងតំបន់អាស៊ាន និងអាមេរិកឡាទីន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអាស៊ាន និងប៉េរូ។

នៅរសៀលថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ China Central Television (CCTV) របស់ចិន។

លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈរបស់គាត់ អំពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ដែលបច្ចុប្បន្នជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាសក្តានុពលផ្នែកសេដ្ឋកិច្ច ដែលកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានសម្រាប់ប្រទេសចូលរួមទាំងអស់ ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនទៀត។

តមតាមការអញ្ជើញរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងចូលរួមក្នុងកិច្ចសន្ទនាសាំងគ្រីឡា IISS លើកទី ២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២ ដល់ ៤ ខែមិថុនា ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។

នៅក្នុងកិច្ចប្រជុំនោះ លោកអគ្គលេខាធិការអាស៊ាន នឹងចូលរួមថ្លែងក្នុងសម័យប្រជុំពិសេស នៅក្រោមប្រធានបទ «ធ្វើឲ្យមានតុល្យភាពពហុភាគីនិយមតំបន់អាស៊ីប៉ាស៊ីហ្វិក និងមជ្ឈភាពអាស៊ាន” ព្រមទាំងមានជំនួបទ្វេភាគី ជាមួយបណ្តារដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

សូមជ្រាបថា កិច្ចសន្ទាសាំងគ្រីឡា ដែលធ្វើឡើងតាំងពីឆ្នាំ២០០២ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ សម្រាប់ឲ្យមន្ត្រីជាន់ខ្ពស់ពិភាក្សាលើបញ្ហា និងការប្រឈមផ្នែកសន្តិសុខបន្ទាន់ៗ។

តបតាមការអញ្ជើញរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលរួមក្នុងសប្តាហ៍ ធុរកិច្ចអាស៊ាន-ជប៉ុន (ASEAN-Japan Business Week-AJBW) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់៦ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមជម្រាបជូនថា AJBW មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគមន៍ធុរកិច្ចរបស់អាស៊ាន និងជប៉ុន ដែលអ្នកចូលរួមនឹងពិភាក្សាលើចក្ខុវិស័យបង្កើតសេដ្ឋកិច្ចរួមគ្នាអាស៊ាន-ជប៉ុន ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយ នៅក្នុងខួបអនុស្សាវរីយ៍ ៥០ ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅឆ្នាំនេះ។

លោកអគ្គលេខាធិការអាស៊ាន នឹងគូសបញ្ជាក់ពីសារៈសំខាន់ នៃកិច្ចសហការផ្នែកឯកជន ក្នុងការពង្រឹងសមាហរណកម្មតំបន់ ការលើកកម្ពស់ការផ្ទេរចំណេះដឹង ជាដើម។ នៅក្នុងទស្សនកិច្ចលើកនេះ លោកបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ប្រធានសហព័ន្ធធុរកិច្ចជប៉ុន ព្រមទាំងជំនួបមួយចំនួនផ្សេងទៀត៕