(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណប​ក្ស​ប្រជា​ជនកម្ពុជា បានអំពាវនាវដល់មន្ត្រីបក្សប្រជាជនកម្ពុជាមួយចំនួនតូច ដែលចូលចិត្ត​ធ្វើរឿងអសកម្ម រឿងអវិជ្ជមានឱ្យបញ្ឈប់សកម្មភាពរបស់ពួកគេ បើពួកគេពិតជាស្រឡាញ់​គណបក្ស​ប្រជាជនកម្ពុជាមែននោះ។

តាមរយៈវីដេអូបង្ហោះនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក​បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា មន្ត្រីបក្សប្រជាជនកម្ពុជាជាង ៧០ភាគ​រយ មានភាពសកម្មខ្លាំងណាស់ក្នុងសកម្មភាពបម្រើជាតិ និងប្រជាជន។ ប៉ុន្តែក៏នៅមាន​មន្ត្រីបក្សប្រជាជនមួយចំនួនធ្វើរឿងអសកម្មបង្កការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ។

បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់បក្សប្រជាជនកម្ពុជាដ៏មានប្រជាប្រិយភាពរូបនេះ បានគូសបញ្ជាក់បែបនេះ «គណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ខំប្រឹងណាស់ មន្ត្រីរាប់ម៉ឺននាក់ទូទាំងប្រទេសខំធ្វើអំពើល្អ។ តែមនុស្សមួយក្តាប់តូចបំផ្លាញ តើនេះឬការស្មោះត្រង់ជាមួយបក្ស? បក្សបម្រើប្រជាពលរដ្ឋ បើស្មោះជាមួយបក្សមិនបាច់ធ្វើអ្វីទេ កុំតែធ្វើអវិជ្ជមានប៉ះប្រជាជនទៅ ក៏ជួយបក្សដែរ។ នៅតែផ្ទះក៏ល្អដែរ ជាជាងចុះទៅធ្វើបំផ្លាញ»

លោកបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា «ចែវទូកជាមួយគ្នា បើទូកទៅលឿនកុំយកជើងរាទឹក។ ដាក់ជើងនៅក្នុងហ្នឹងទៅល្អជាង ជិះបានទៅទាំងអស់គ្នា មិនបាច់ជួយចែវក៏បានដែរ»

ក្នុងវីដេអូនេះ លោកបណ្ឌិត បានសូមប្រជាពលរដ្ឋមេត្តាយោគយល់ដល់បក្សប្រជាជន កម្ពុជា ចំពោះភាពអសកម្មរបស់មន្ត្រីមួយក្តាប់តូចនោះ ហើយចូលរួមជាមួយបក្ស ដើម្បីកែលំអរមន្ត្រីអសកម្ម។

លោកបណ្ឌិត ក៏សូមឱ្យប្រជាពលរដ្ឋមើលព្រៃទាំងមូល ដោយលោកចង់សម្តៅដល់​សមិទ្ធផលទាំងឡាយកើតមាននៅក្នុងប្រទេស ក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោក ហ៊ុន ម៉ាណែត ក៏សូមឱ្យប្រជាពលរដ្ឋជឿជាក់ចុះថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែដឹកនាំប្រទេស គឺមិនដាក់ចេញគោល​នយោបាយបំផ្លាញប្រជាពលរដ្ឋនោះឡើយ៕