(ភ្នំពេញ)៖ អតីតសមាជិកដ៏សកម្មរបស់គណបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិ បានសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមកសាងសង្គមកម្ពុជា។
អតីតសមាជិកបក្សភ្លើងទៀន និងអតីតបក្សសង្គ្រោះជាតិ ដែលសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានេះ រួមមាន៖
១) លោក រស់ សុខា អតីតយុវជន និងជាក្រុមទ្រទ្រង់គណបក្សសង្គ្រោះជាតិ និងជាជាសមាជិកក្រុមការងារបណ្តោះអាសន្នរបស់គណបក្សភ្លើងទៀន ខេត្តព្រះសីហនុ។
២) លោក ភួង ថា អតីតយុវជនអចិន្ត្រៃយ៍អតីតបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង និងជាក្រុមទ្រទ្រង់គណបក្សខេត្តកំពង់ចាម។ បច្ចុប្បន្នជាសមាជិកនាយកដ្ឋាននីតិកម្មគណបក្សភ្លើងទៀន។
៣) លោក នូ ផាណ្ណី សមាជិកនាយកដ្ឋាននីតិកម្ម និងទទួលពាក្យបណ្តឹងគណបក្សភ្លើងទៀន។
ក្នុងវីដេអូគោរពជូនសម្តេចតេជោ ហ៊ុន សែន សូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា អតីតយុវជនរបស់បក្សប្រឆាំងទាំង៣រូប បានបង្ហាញការពេញចិត្តរបស់ពួកគេចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំឱ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ ជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ជាពិសេសបានធ្វើឱ្យកិត្តិនាមរបស់កម្ពុជា បានល្បីរន្ទឺតាមរយៈព្រឹត្តិការណ៍នានាដូចជាការធ្វើជាប្រធានអាស៊ាន និងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមជាដើម។
ក្នុងវីដេអូនេះ ក្រុមយុវជន ក៏បានសម្តែងការគាំទ្រចំពោះវិធានការទាំងឡាយរបស់សម្តេចតេជោ ក្នុងការទប់ស្កាត់បំណងបង្កសកម្មភាពបំផ្លាញសន្តិសុខ និងសណ្តាប់ធ្នាប់ពីសំណាក់គណបក្សភ្លើងទៀនផងដែរ៕