(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ និងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នឹងមានការរៀបចំពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ក្នុងឱកាសដ៏មហាវិសេសវិសាលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ពិធីទាំងពីរនេះ ចាប់ពីម៉ោង ១៨៖០០យប់ រហូតដល់ចប់ ពិធី នៅតាមទីតាំងមួយចំនួនដូចខាងក្រោម ៖
១៖ សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
២៖ សួនច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ
៣៖ ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

រដ្ឋបាលរាជធានីភ្នំពេញសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញនឹងចូលរួមគាំទ្រ ទស្សនាការផ្សាយបន្តផ្ទាល់នេះ ឲ្យបានច្រើនកុះករ និងអធិកអធម។

ទទួលសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងអង្គភាពជំនាញពាក់ព័ន្ធត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ និង អនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕