(ភ្នំពេញ)៖ ឃ្លាំងស្ដុកសម្ភារៈរបស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ត្រូវបានអគ្គិភ័យឆាប់ឆេះ នៅវេលាទាបភ្លឺថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវ១៥០ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដោយសារតែឆ្លងចរន្ដអគ្គិសនី។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន មានករណីអគ្គិភ័យឆាបឆេះឃ្លាំងសម្ភារៈក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (ព្រះកុសុមៈ) ភ្លាមៗនោះ លោកបានបញ្ជាទៅរថយន្តគ្រប់គោលដៅទាំងអស់ ធ្វេីការចេញជួយអន្តរាគមន៍ឲ្យបានទាន់ពេលវេលា។

ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ គឺកម្លាំងសមត្ថកិច្ចជំនាញរបស់បានធ្វេីការគ្រប់គ្រងបានស្ថានភាព មិនឲ្យមានការឆាបឆេះរាលដាលដល់ផ្នែកផ្សេងទៀត នៃអគាររបស់មន្ទីរពេទ្យខាងលេីឡេីយ។ ចំពោះករណីអគ្គិភ័យខាងលេីនេះ គឺបណ្តាលឲ្យឆាបឆេះម៉ាស៉ីនត្រជាក់ចំនួន៣៣គ្រឿង, ម៉ូតូចំនួន៣គ្រឿង, សម្ភារៈអនាម័យមួយចំនួនធំ នឹងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។

ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា រថយន្ដការិយាល័យជំនាញ ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន និងរថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ចំនួន១ឡាន។ ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ៕