(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ចាយ បូរិន អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ចំពោះមរណភាពព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំ និងភរិយាមានសេចក្តីក្រៀម និងសោកស្តាយក្រោយទទួលដំណឹងថា លោកព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី ត្រូវជាឪពុករបស់ឯកឧត្តម ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៣:៤៥ នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្ដែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យ ជាមួយឯកឧត្តម និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗទាំងអស់ ដែលកន្លងមកក្នុងឆាកជីវិត របស់លោកព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រ បុត្រធីតា រហូតក្លាយជាបញ្ញាវ័ន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ទោះបីរូបកាយរបស់លោកព្រឹទ្ធាចារ្យ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិត ស្ថេរក្នុងសន្តានចិត្ដកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យ ចាយ ស៊ាងអ៉ី សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕