(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតក្នុងតំបន់វិនិច្ឆ័យទាំងអស់ត្រូវចេះយោគយល់ អធ្យាស្រ័យដល់គ្នាឲ្យបានខ្ពស់ បើក្បាលដីទាំងនោះមានបញ្ហា វិវាទទំនាស់ផ្សេងៗ ពោលគឺលោកចង់បានឲ្យកាត់បន្ថយការប្តឹងផ្តល់ បែរមកជាការចរចាគ្នារវាងគូភាគី និងភាគី រឿងដែលអាចដោះស្រាយក្រៅប្រព័ន្ធតុលាការបាន គឺជារឿងល្អបំផុត។

ការថ្លែងបែបនេះរបស់លោកអភិបាល ឡើងនៅថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ពិធីនេះមានការចូលរួមពីប្រធានមន្ទីរដែនដីខេត្ត អាជ្ញាធរឃុំ/ស្រុក និងប្រជាពលរដ្ឋប្រមាណជាង៤០០គ្រួសារ។

លោក គួច ចំរើន អភិបាលខេត្ត បានបញ្ជាក់ថា ផ្តាំផ្ញើទៅដល់ប្រជាពលរដ្ឋដែលបានដឹងឮដំណឹង នៃការផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យនាពេលនេះ ជួយជូនដំណឹងទៅដល់អ្នកដែលមានក្បាលដីពាក់ព័ន្ធនៅក្នុងតំបន់នេះ ដើម្បីបានមកពិនិត្យនូវព័ត៌មានលម្អិត នៃការបិទប្រកាសមានរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃប្រកាសនេះទៅ រួមបញ្ជូលទាំងថ្ងៃឈប់សម្រាក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានក្រើនរំលឹក និងជំរុញដល់មន្រ្តីជំនាញផ្នែកសូរិយោដី រួមទាំងអាជ្ញាធរពាក់ព័ន្ធខិតខំធ្វើការដោះស្រាយបញ្ហាផ្សេងៗ រួមទាំងការកំណត់លើតំបន់វិនិច្ឆ័យឲ្យស្របទៅតាមគោលនយោបាយដែលរាជរដ្ឋាភិបាលបានកំណត់ជូន។ ការជោគជ័យរបស់ប្រជាពលរដ្ឋ គឺជាសេចក្តីសុខរបស់ដ៏ធំធែងរបស់ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន។

អភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោមដំបូល នៃសន្តិភាពជាង២០ឆ្នាំមកនេះ កម្ពុជាកំពុងតែអភិវឌ្ឍន៍ មុនការចេញប័ណ្ណត្រូវធ្វើឲ្យបានច្បាស់លាស់ត្រឹមត្រូវ ជៀសវាងមានបញ្ហាប្តឹងផ្តល់គ្នាដែលនាំ ឲ្យមានការលំបាកក្នុងការសិក្សា វិនិច្ឆ័យ លើប្រវត្តិដីធ្លីឡើងវិញ។

ដោយឡែកការបិទផ្សាយជាសាធារណៈនូវឯកសារវិនិច្ឆ័យនៅភូមិ ឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុនាពេលនេះ ការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ខេត្តព្រះសីហនុ មានក្រុមចុះបញ្ជីដីធ្លីចំនួន៥ក្រុម។

ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន ក្រុមទាំង៥ បានវាស់វែងក្បាលដីសរុបចំនួន ៥៤,២៥៣ក្បាលដី ក្នុងនោះ បំពេញទម្រង់បែបបទ នៃការប្រមូលទិន្នន័យក្បាលដី ចំនួនបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យចប់ក្បាលដីសរុបស្មើនឹង ៤២,៩០០ក្បាលដី គណៈកម្មការរដ្ឋបាលបានលើកសំណើផ្តល់កម្មសិទ្ធិលើដីធ្លី៤៨,២៦៦ក្បាលដី សរុបបានចំនួន៣៤ភូមិ ដែលមានសរុបចំនួន១៧ភូមិ ស្មើនឹង១៤,០៤០ក្បាលដី និងបានចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ បានចំនួន៨,១៥៧ប័ណ្ណ។

ជាលទ្ធផល គិតចាប់ពីថ្ងៃប្រកាសកំណត់ជាតំបន់វិនិច្ឆ័យ រហូតមកដល់ពេលនេះ ក្រុមការងារចុះបញ្ជីដីធ្លីបានធ្វើការវាស់វែង និងបំពេញទិន្នន័យក្បាលដីជូនប្រជាពលរដ្ឋ ដើម្បីបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនាថ្ងៃនេះ សម្រេចបានរួមមាន ការវាស់វែង និងគួរក្បាលដីសរុបបានចំនួន ១,៧៦៣ក្បាលដី (ក្បាលដីគ្មានទិន្នន័យមានចំនួន ៣១១ ក្បាលដី) ដោយបានកាត់ចំណីផ្លូវ អូរ ប្រឡាយ រួចរាល់ តាមការប្រជុំសម្រេចរបស់គណៈកម្មការរដ្ឋបាល៕