(ភ្នំពេញ)៖ លោក សឿង​ សុធានី​ ប្រធានសមាគម​សប្បុរសធម៍ខ្មែរកម្ពុជាក្រោម​ និងជា​បណ្ដុំ​អង្គការ​សមាគម​សង្គម​ស៊ីវិល​ និងសមាជិករបស់ខ្លួន បានចេញវីដេអូមួយ អំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សភ្លើងទៀន កុំជឿលើការញុះញង់របស់ មេដឹកនាំគណបក្សនេះ ដែលចង់កៀរគរមនុស្សមកធ្វើបាតុកម្មខុសច្បាប់ ដែលនឹងនាំឱ្យមានគ្រោះថ្នាក់ដល់ខ្លួន និងក្រុមគ្រួសារ។

ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពី មានអំពាវនាវដល់ប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សភ្លើងទៀន ដោយសារមានបុគ្គលឈ្មោះ ឆាំ ឆានី និងមេដឹកនាំគណបក្សភ្លើងទៀន លោក រ៉ុង ឈុន អំពាវនាវសកម្មជន ចូលរួមធ្វើបាតុកម្ម និងចេញវីដេអូបំភ្លៃការពិតប្រឆាំងការបោះឆ្នោតនៅកម្ពុជា។

លោក សឿង សុធានី បានលើកឡើងថា បញ្ហាមិនបាន​ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ គឺជាកំហុសរបស់មេដឹកនាំគណបក្សភ្លើងទៀន ក៏ប៉ុន្តែដើម្បីគេចវេសពីការទទួលខុសត្រូវ ចំពោះប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពួកគេបានបង្វែរកំហុសនេះ ទៅគ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ហើយបន្តចោទប្រកាន់ថាមានការពាក់ព័ន្ធនឹងសម្តេចតេជោ ហ៊ុន សែន។

លោកបានបន្តថា បុគ្គល ឆាំ ឆានី ជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី ដែលក្រុមនេះជាក្រុមជ្រុលនិយម ដែលមានចេតនាមិនចង់ឱ្យប្រទេសកម្ពុជាមានភាពស្ងប់សុខ និងការអភិវឌ្ឍនោះទេ៕

សូមស្តាប់ការលើកឡើងរបស់សមាគម​សប្បុរសធម៍ខ្មែរកម្ពុជាក្រោម៖