(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាកុមារអន្តរជាតិ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានផ្ដល់អំណោយជាម៉ាស៊ីនអេកូបេះដូង ដែលមានប៉ូល២ (Echo-Cardio Bipolar) ចំនួន១ឈុត ដែលមានតម្លៃប្រមាណ២ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យកុមារជាតិ។

សម្ភារនេះត្រូវបានលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកអចិន្ត្រៃយ៍នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក រួមជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បាននាំយកទៅប្រគល់ជូនដល់លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ និងគណ:គ្រប់គ្រងមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការថតឆ្លុះពោះ (Abdomen) និងបេះដូង (Cardiac) លើកុមារ ដើម្បីជួយសម្រួលដល់ការព្យាបាលឲ្យកាន់តែមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ញឹប អង្គារបុស្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោកបណ្ឌិត ហេង សុខគង់ និងសហការី ដែលជានិច្ចកាលតែងផ្តល់ការឧបត្ថម្ភគាំទ្រ និងសហការល្អជាមួយមន្ទីរពេទ្យ ជាពិសេសក្នុងដំណាក់កាល នៃការរីករាលត្បាតជំងឺកូវីដ១៩ នៅកម្ពុជា។

ជាក់ស្តែងពេលនេះបានប្រគល់ជូននូវ អំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី ជាម៉ាស៊ីនអេកូបេះដូងទំនើប និងអាចចល័តបានដល់មន្ទីរពេទ្យសម្រាប់ប្រើប្រាស់ ក្នុងការជួយសម្រួលដល់ក្រុមគ្រូពេទ្យក្នុងការថតឆ្លុះមុនព្យាបាល ដែលជាការចូលរួមចំណែកដ៏មានសារសំខាន់ ក្នុងការជួយកាត់បន្ថយគ្រោះថ្នាក់ពេលព្យាបាលលើកុមារ និងជួយឲ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពថែមទៀត។

លោកវេជ្ជបណ្ឌិត ក៏បានផ្តាំផ្ញើថ្លែងអំណរគុណដល់លោក ហ៊ុន ម៉ានី និងលោកស្រី ដែលតែងតែឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យតាមរយ:សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក នាពេលកន្លងមក និងសូមបួងសួងដល់គុណបុណ្យបារមីស័ក្តិសិទ្ធិ តាមថែរក្សាលោក និងលោកស្រី ព្រមទាំងបុត្រា បុត្រី ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ចការងារ៕