(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងជំរុញលើកទឹកចិត្ដដល់សមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា ត្រូវខិតខំប្រមូលសមាជិកសមាគមឱ្យបានច្រើន ធ្វើការបណ្ដុះបណ្ដាលចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញ ដើម្បីបង្កើនសមត្ថភាព រួមគ្នាកាត់បន្ថយអត្រាមរណភាពមាតា​បន្ថែមទៀត។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងពិធីបើកសិក្ខាសាលាលើកទី២២ របស់សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា ក្រោមប្រធានបទ «រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី» នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារភ្នំពេញ។

លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា «យើងមិនអាចបញ្ឈប់ការខិតខំប្រឹងប្រែងបង្កើនសមត្ថភាពរបស់យើងទេ ដូចប្រធានបទរបស់សិក្ខាសាលានាពេលនេះ «រួមគ្នាដើម្បីលើកកម្ពស់សុខភាពស្ត្រី» យើងត្រូវតែ បន្តធ្វើឱ្យបានខ្លាំងក្លាបន្ថែមទៀត ព្រោះអត្រាមរណភាពមាតានៅកម្ពុជានៅតែខ្ពស់នៅឡើយ ធៀបនឹងប្រទេសជិតខាង។ ដើម្បីកាត់បន្ថយអត្រាមរណភាពមាតាបន្ថែមទៀត កម្ពុជាត្រូវពឹងផ្អែកទាំងស្រុងលើ សមត្ថភាពជំនាញរបស់វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស សាស្ត្រាចារ្យ ផ្នែកសម្ភព និងរោតស្រ្តីវិទ្យាទាំងអស់គ្នានេះ ពីព្រោះករណីផ្ទៃពោះ ឬសម្រាលកូនធម្មតា មិនមែនជាឧបសគ្គទៀតទេ តែការដោះស្រាយ ករណីសម្រាលកូនលំបាក មានឧបសគ្គនៅតែជាបញ្ហានៅឡើយ។ ការខិតខំប្រមូលសមាជិកសមាគមឱ្យបានច្រើន ធ្វើការបណ្តុះបណ្តាលចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកបានទៀងទាត់ និងទាន់ពេលវេលា ជាកត្តាសំខាន់ និងជួយចូលរួមដោះស្រាយបញ្ហានាពេលអនាគត»។

ម៉្យាងទៀត សមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា បានសហការជិតស្និទជាមួយសមាគមសម្ភព និងរោគស្ត្រីអន្តរជាតិនានា មានសមាគមសម្ភពនិងរោតស្ត្រីជប៉ុនជាដើម ដែលតាមរយៈកិច្ចសហការ អន្តរជាតិដ៏ប្រពៃនេះ នឹងទទួលបាននូវការរីកចម្រើនជាលំដាប់។

លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា «ដូច្នេះថ្ងៃខ្ញុំមានសេចក្ដីរីករាយ ដោយបានចូលរួមក្នុងសិក្ខាសាលាលើកទី២២ របស់សមាគមសម្ភព និងរោគស្រ្តីវិទ្យាកម្ពុជា ព្រោះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានឹងផ្ដល់ឱកាសចែករំលែកយ៉ាងទូលំទូលាយដល់សមាជិក សមាជិកាសមាគម ក៏ដូចជាអ្នកចូលរួមទាំងអស់នូវចំណេះដឹង បទពិសោធន៍ និងរបកគំហើញថ្មីៗនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់។ ម៉្យាងវិញទៀត ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះសមាគម ក្នុងការរៀបចំឱ្យមានការជួបជុំគ្នាយ៉ាងទៀងទាត់ ដែលបញ្ជាក់ឱ្យឃើញនូវសាមគ្គីភាពផ្ទៃក្នុងរឹងមាំ មានជំហរស្មារតីទទួលខុសត្រូវ និងដើម្បីចូលរួមបង្កើនសមត្ថភាព ជំនាញវិជ្ជាជីវៈខ្ពស់»

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​ បានរម្លឹកអំពីវឌ្ឍនភាពដែលកម្ពុជាទទួលបាន ពិសេសតាមរយៈរបាយការណ៍សូចនាករស្នូល នៃការអង្កេតប្រជាសាស្ត្រនិងសុខភាពនៅកម្ពុជា ឆ្នាំ២០២១-២២ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣កន្លងមកនេះ ពីភាពល្អប្រសើរឡើងនៃស្ថានភាពសុខភាពមាតា និងកុមារនៅកម្ពុជា ក្នុងនោះ៖
* ៩៩% នៃស្ត្រីមានផ្ទៃពោះបានទទួលការពិនិត្យលើកទី១
* អត្រានៃការពិនិត្យផ្ទៃពោះលើកទី៤ មាន ៨៦%
* អត្រានៃការពិនិត្យក្រោយសម្រាលមាន ៨៥%
* ការសម្រាលកូនដោយឆ្មបជំនាញមាន ៩៩%
* ការសម្រាលកូននៅមូលដ្ឋានសុខាភិបាលមាន ៩៧%

ទាំងនេះជាហេតុធ្វើឱ្យអត្រាមរណភាពមាតាបានថយចុះពី១៧០ ក្នុង១សែនកំណើតរស់នៅឆ្នាំ២០១៤ មកនៅ១៥៤ ក្នុងកំណើតរស់ ១សែននាក់ នៅឆ្នាំ២០២១។ អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ បានថយចុះពី ៣៥ ក្នុងកំណើតរស់ ១ពាន់នាក់ នៅឆ្នាំ២០១៤ មកនៅ ១៦ ក្នុងកំណើតរស់ ១ពាន់នាក់ នៅឆ្នាំ២០២១។

អត្រាមរណភាពកុមារអាយុក្រោម ១ឆ្នាំ បានកាត់បន្ថយពី ២៨ ក្នុងកំណើតរស់ ១ពាន់នាក់ នៅឆ្នាំ២០១៤ មកនៅ ១២ ក្នុងកំណើតរស់ ១ពាន់នាក់ នៅឆ្នាំ២០២១ និងអត្រាមរណភាពទារកទើបនឹងកើត បានថយចុះពី ១៨ ក្នុងកំណើតរស់ ១ពាន់នាក់ មកនៅ ៨ ក្នុងកំណើតរស់ ១ពាន់នាក់ ក្នុងរយៈពេលដូចគ្នា។

នេះក្តីសប្បាយរីករាយ និងមានមោទនភាពដែលយើងទាំងអស់គ្នាត្រូវអបអសាទរចំពោះសមិទ្ធផលរីកចម្រើនដ៏ល្អប្រសើរ ត្រចះត្រចង់មួយ ក្នុងចំណោមសមិទ្ធផលដ៏ច្រើនទៀតរាប់មិនអស់ ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ការបញ្ជាក់បន្ថែមរបស់លោកសាស្ដ្រាចារ្យ៕