(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៣៤៧គ្រួសារ ក្នុងសហគមន៍អណ្ដូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកស្រី មុំ ចានដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា កិច្ចការដែលជាអាទិភាពក្នុងការជួយលើកកម្ពស់ប្រជាជនសហគមន៍ ក្នុងមូលដ្ឋានសង្កាត់គោករកា មានដូចជាទឹក អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ឋ សាលារៀន ដែលជាតម្រូវការចាំបាច់ សម្រាប់ប្រជាជនសហគមន៍។

លោកស្រីបានជម្រាបពីអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាល បាននិងកំពុងឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីមានផ្ទៃពោះ និងកុមារក្រីក្រ អាយុក្រោម២ឆ្នាំ បានចាប់អនុវត្តពីដើមខែមករា ឆ្នាំ២០២០មក។ លោកស្រីបានគូសបន្ថែមថា ផ្អែកតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញឲ្យអនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម៥ឆ្នាំ ក្នុងគ្រួសារក្រីក្រ ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស ចាប់តាំងពីទារកចាប់កំណើតក្នុងផ្ទៃមាតា រហូតដល់អាយុក្រោម២ឆ្នាំ ព្រមទាំងដើម្បីលើកកម្ពស់សុខុមាលភាពមាតា និងទារក ជួយដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភ និងដើម្បីជំរុញការលូតលាស់ទាំងផ្នែកកាយសម្បទា និងបញ្ញាស្មារតីអោដល់ទារក កុមារ ជួយលើកកំពស់ជីវភាពស្ត្រីមានផ្ទៃពោះក្រីក្រ នៅតាមមូលដ្ឋានទូទាំងប្រទេស។

ការអនុវត្តកម្ម វិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនាពេលនេះ បានបង្ហាញពីកាយវិការប្រកបដោយគុណធម៌ និងគតិបណ្ឌិត របស់ថ្នាក់ដឹកនាំ ក្នុងការផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅប្រកបដោយការទទួលខុសត្រូវ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្ររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោកស្រី មុំ ចានដានី បានបន្តថា ក្នុងនាមមន្ត្រីមូលដ្ឋាន តែងតែចុះជួបដោយផ្ទាល់ ដើម្បីដោះស្រាយបញ្ហាលំបាកផ្សេងៗ ជូនប្រជាជនរស់នៅតាមសហគមន៍។ ជាក់ស្តែងដូចថ្ងៃនេះ លោកស្រី និងក្រុមការងារ បានចុះជួបសំណេះសំណាល នាំយកអំណោយ និងជម្រាបជូនប្រជាសហគមន៍។

លោកស្រី មុំ ចានដានី តែងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅសហគមអណ្តូង និងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែងរបស់បងប្អូននៅសហគមន៍នេះ ដែលកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងសំណង់លំនៅដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរីកចម្រើនលើផ្នែកជីវភាពរស់នៅរបស់ពលរដ្ឋផងដែរ៕