(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ដែលប្រព្រឹត្តទៅនៅសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអានបង្ហាញអំពីប្រវត្តិ នៃទិវាកុមារអន្តរជាតិ ១មិថុនា និងបានលើកឡើងពីការរីកចម្រើនចំពោះវិស័យអប់រំនៅទូទាំងខេត្តត្បូងឃ្មុំ ជូនអង្គពិធីជ្រាប។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតមួយ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ដោយនៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសំណេះសំណាលលើកទឹកចិត្ត ឧបត្ថម្ភថវិកាមួយចំនួនដល់កុមារីរាំរបាំ កុមារាកុមារីស្មូតកំណាព្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងយុវជនកាយរឹទ្ធចំនួន៤៦៨នាក់ នូវសៀវភៅ ប៊ិច និងថវិកាមួយចំនួនផងដែរ៕