(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) និងនិយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានសហការគ្នារៀបចំវគ្គបណ្តុះ​បណ្តាលកសាងសមត្ថភាពស្តីពី «សន្តិសុខសាយប័រ» ដើម្បីពង្រឹងសមត្ថភាព ដល់​មន្រ្តីជំនាញក្នុងវិស័យមូលបត្រនៅកម្ពុជា​ពាក់ព័ន្ធនឹងចំណេះដឹងផ្នែកឌីជីថលហិរញ្ញវត្ថុ និងបទល្មើសបច្ចេកវិទ្យា។

​វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងសន្តិសុខសាយប័រ បទល្មើសបច្ចេកវិទ្យា ដែលតែងតែកើតឡើងនៅកម្ពុជា និងវិធានការការពារប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យដែលកើតមានឡើងពីការប្រើប្រាស់បចេ្ចកវិទ្យាព័ត៌មានដល់មន្រ្តីជំនាញនៃនិយ័តករមូលបត្រកម្ពុជា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធសេវាហិរញ្ញវត្ថុមិនមែនធនាគារ, និយ័តករ និងអង្គភាពក្រោមឱវាទរបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ និងដៃគូសហការរបស់និយ័តករមូលបត្រកម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានថ្លែងថា នៅក្នុងយុគសម័យសកលភាវូបនីយកម្ម បច្ចេកវិទ្យាឌីជីថល បាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយក្លាយជាកតាលីករជំរុញការអភិវឌ្ឍវិស័យមូលបត្រ និងសេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងឆាប់រហ័ស។

លោកបន្តថា«ទន្ទឹមគ្នានេះ យើងក៏ពិនិត្យឃើញថាបទល្មើសបច្ចេកវិទ្យាជាច្រើនក៏បាន និងកំពុងវាយលុកផងដែរ ដែលការណ៍នេះ​ ចំណេះដឹងផ្នែកឌីជីថល និងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប»។

លោក ស្រ៊ុន គឹមសាន សមាជិកនៃនិយ័តករទូរគមនាគមន៍កម្ពុជា បានមានប្រសាសន៍ថា វិស័យទូរគមនាគមន៍បានក្លាយជាសរសៃឈាមទ្រទ្រង់ប្រព័ន្ធបច្ចេកវិទ្តាឌីជីថល ហើយប្រព័ន្ធបច្ចេកវិទ្តាឌីជីថលនេះ បានក្លាយជាមធ្យោបាយដ៏សំខាន់សម្រាប់ប្រតិបត្តិការក្នុងវិស័យមូលបត្រ ហេតុដូច្នេះហើយក្នុងនាមជានិយ័តករ ​មានបេសកម្ម និងចក្ចុវិស័យក្នុងការធានានូវសុវត្ថិភាពនូវរាល់ការជួញដូរមូលបត្រតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងន័យជំរុញដល់ការអភិវឌ្ឍវិស័យទាំងពីរនេះប្រកបដោយតម្លាភាព សណ្តាប់ធ្នាប់ និងនិរន្តភាព។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការសម្ពោធខដាក់ឱ្យប្រើប្រាស់ជាផ្លវការនូវសៀវភៅសទ្ធានុក្រមគតិយុត្តសម្រាប់វិស័យមូលបត្រ ក្រោមការគាំទ្ររបស់វិទ្យាស្ថាមខេមអេដ ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២៕