(ត្បូងឃ្មុំ)៖ អតីតសកម្មជន និងអ្នកគាំទ្រចំនួន៧៥នាក់ ក្នុងភូមិស្វាយមាសស្នេហ៍ ឃុំអំពិលតាពក ស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ នៃគណបក្សភ្លើងទៀន នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣ បានសម្រេចចិត្តដោះអាវបក្សភ្លើងទៀន ដែលពួកគាត់ធ្លាប់ដើរតាមចេញ ដោយស្ម័គ្រចិត្តមកសុំរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា។

អតីតសកម្មជន និងអ្នកគាំទ្រ គណបក្សភ្លើងទៀន បានលើកឡើងថា ការវិលមករួមជីវភាពនយោបាយរបស់ប្រជាពលរដ្ឋអតីតអ្នកគាំទ្រគណបក្សប្រឆាំង មានន័យថា មិនមែនមកចុះចូល ឬក្រោមការគៀបសង្កត់ពីនរណានោះទេ ពោលពួកគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានការអភិវឌ្ឍន៍ ហើយបានធ្វើឱ្យប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឲ្យអន្តរជាតិទទួលការរីកចម្រើនលើគ្រប់វិស័យ។

បន្ថែមពីនេះពួកគាត់ ក៏បានសូមគោរពកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីកសាងប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាក់ស្តែងថ្មីៗនេះ តាមរយៈការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ទាំងពិធីបើក និងបិទ គឺឥតខ្ចះតែម្តង ការរៀបចំព្រឹត្តិការណ៍ដ៏ធំនេះបានដោយសារតែគុណប្រយោជន៍ នៃសន្តិភាពណាស់ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕